ចិននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅតំបន់ឆ្នេរភាគខាងកើត និងភាគឥសាន
ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទនេះ ចិននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅតាមតំបន់ឆ្នេរភាគខាងកើត និងភាគឥសានរបស់ខ្លួនប្រឆាំងនឹងភាពតានតឹងដែលកំពុងកើតឡើងក្នុងតំបន់សមុទ្រចិនខាងត្បូងដែលកំពុងតែមានជម្លោះ។
សមយុទ្ធដំបូងនឹងធ្វើឡើងនៅសមុទ្រ ប៉ូហៃ (Bohai) ក្បែរកំពង់ផែ ស៊ីនហ័ងតាវ (Qinhuangdao) នៅថ្ងៃច័ន្ទ។ សមយុទ្ធយោធាបន្ទាប់ ដែលរួមមានទាំងការបាញ់គ្រាប់ពិតនឹងប្រព្រឹត្តិឡើងនាភាគខាងត្បូងនៃសមុទ្រលឿងនៅថ្ងៃអង្គារ និងថ្ងៃពុធ។
រដ្ឋាភិបាលក៏បានបន្ថែមថា នាវាទាំងអស់ដែលគ្មានភារកិច្ចនឹងត្រូវបានហាមឃាត់មិនឲ្យចូលក្នុងតំបន់នោះដាច់ខាត។
សូមរម្លឹកផងដែរថា កាលពីខែសីហាកន្លងទៅ ចិនបានប្រកាសអំពីការធ្វើសមយុទ្ធយោធា៤ដាច់ដោយ ឡែក ពីតំបន់សមុទ្រ ប៉ូហៃ ទៅភាគខាងកើត ដល់សមុទ្រលឿង និងរហូតដល់សមុទ្រចិនខាងត្បូងទៀតផង ដែលកងទ័ពចិនបានហៅវាថា ជាចលនាយោធាមួយដ៏កម្រ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ