តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៤.២លានករណី ខណៈដែល WHO ថាប្រទេសខ្លះស្ថិតនៅដំណាក់កាលដ៏គ្រោះថ្នាក់
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ worldometer គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់ ៤៤,២៣៥,២៦៣ ករណី ហើយក្នុងនោះមនុស្សសរុប ១,១៧១,២៨៨ នាក់ស្លាប់ និង ៣២,៤៤៣,៣៧២នាក់ បានជាសះស្បើយឡើងវិញ។
ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៤លាននាក់នោះ គេឃើញមានប្រទេសសហរដ្ឋអាមេរិក មានអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ សហរដ្ឋអាមេរិក មានឆ្លងដល់ជាង ៩លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។
សូមបញ្ជាក់ផងដែរថា ដោយមើលឃើញតួលេខអ្នកឆ្លង និងស្លាប់ចេះតែកើនឡើងជាបន្តបន្ទាប់ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ដែលជាប្រមុខអង្គការសុខភាពពិភពលោក WHO បានសង្កត់ធ្ងន់ថា បច្ចុប្បន្នពិភពលោកទាំងមូល កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាតកូវីដ១៩ ហើយប្រទេសខ្លះកំពុងស្ថិតនៅលើជំហានដ៏គ្រោះថ្នាក់ នោះគឺការដួលរលំប្រព័ន្ធសុខាភិបាល។
ដើម្បីដោះស្រាយបញ្ហាទាំងឡាយ លោក ថេដ្រូស អាដាណម បានជំរុញឱ្យមេដឹកនាំទាំងអស់ ធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ សំដៅទប់ស្កាត់ការស្លាប់, ការដួលរលំប្រព័ន្ធសុខាភិបាល និងការបិទសាលារៀនជាថ្មីជាដើម។
គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះកូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕
ប្រភព: worldometer ដោយ: ជា បញ្ញា