សម្ដេចពិជ័យសេនា ទៀ បាញ់៖ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាឱកាសដ៏វិសេស វិសាលមួយ ដែលកម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានថ្លែង ប្រកាសបើកជាផ្លូវការ «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នយ៍» នៅខេត្តសៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

 
សម្ដេចពិជ័យសេនា ទៀ បាញ់៖ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាឱកាសដ៏វិសេស វិសាលមួយ ដែលកម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា «ពេលនេះ ជាឱកាសដ៏វិសេសវិសាលមួយ ដែលកម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបអាចមានលទ្ធ ភាពទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាតំបន់ដ៏ធំនេះ ក្រោមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេល ដែលកម្ពុជាកំពុងរស់នៅក្នុងដំបូលសន្តិភាព និងកិច្ចប្រឹងប្រែងស្តារស្ថានភាពសង្គម សេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាព សម្រាប់ទាំងអស់គ្នាក្រោយពីវិបត្តិជំងឺកូវីដ-១៩»។

សម្តេចពិជ័យសេនា សង្កត់ធ្ងន់ថា «បច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុង ការអភិវឌ្ឍ វិស័យកីឡាជាតិ និងចលនាអូឡាំពិក ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឱ្យទទួល បានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងជោគជ័យ»។ សម្ដេចពិជ័យសេនាបានបន្ដថា ថ្ងៃនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ​ទៀតសម្រាប់កម្ពុជា ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ​រៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ បានបង្ហាញនូវសេចក្តី​សោមនស្សរីករាយ ក្នុងឱកាស «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍» ដ៏មានសារៈ​សំខាន់ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។ សម្ដេចពិជ័យសេនាបានលើកឡើងថា រាជរដ្ឋាភិបាល​បានវិនិយោគធនធាន ថវិកា កម្លាំងកាយចិត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ទីលាន ប្រកួតកីឡា ពិសេសពហុកីឡដ្ឋានជាតិ ដើម្បីបម្រើឱ្យការប្រកួតជាអន្តរជាតិផង និងសម្រាប់​ការហ្វឹកហ្វឺនជំនាញ កីឡាគ្រប់ប្រភេទផង។ ក្រៅពីនេះ ការអភិវឌ្ឍធនធានមនុស្ស​ជំនាញ​កីឡា គឺកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេសកីឡា ក៏ត្រូវបានដាក់ចេញនូវការឧបត្ថម្ភ​គាំទ្រ និងផ្គត់ផ្គង់ដល់ក្រុមជម្រើសជាតិ ដើម្បីបំប៉នការហាត់ហ្វឹកហ្វឺនឈានទៅ​រកគុណ​ផល​កីឡាកម្រិតខ្ពស់ និងស្វែងរកកម្រិតស្តង់ដារបច្ចេកទេសកីឡាក្នុងតំបន់ និងលើឆាកអន្តរជាតិ។​សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា «ទោះបីកម្ពុជាក៏ដូចពិភពលោក​ទាំង​មូលកំពុងជួបនូវវិបត្តិជម្ងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ច សង្គម និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបង្ហាញ​ពីឆន្ទៈ​យ៉ាងមោះមុតក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដដែល»៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន