Google បានលុបចោលកម្មវិធីជាច្រើនដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើនដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។

 
Google បានលុបចោលកម្មវិធីជាច្រើនដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android

កម្មវិធីទាំងនោះមានមុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេនQR កម្មវិធីសម្រាប់អធិស្ឋាន និងកម្មវិធីផ្សេងទៀតដែលមានបង្កប់មកជាមួយនឹងកូដ ដែលអាចប្រមូលទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ អុីមែល លេខទូរសព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កូដសម្រាប់តាមដានត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Measurement Systems ដែលជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាច្រើនជាមួយនឹងទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបានធ្វើការ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ California ក្រុង Berkeley និងសាកលវិទ្យាល័យ Calgary's Joel Reardon បានរកឃើញថាក្រុមហ៊ុន Measurement Systems បានស្នើឱ្យអ្នកអភិវឌ្ឍកម្មវិធីបញ្ចូលកូដទាំងនោះទៅក្នុងកម្មវិធី ដែលពួកគេនឹងទទួលបានប្រាក់ចំណេញបន្ថែម ព្រមទាំងទិន្នន័យទាំងនោះផងដែរ។ បច្ចុប្បន្នកម្មវិធីទាំងនោះត្រូវបានទាញយកប្រមាណ ៦០លានដងរួចមកហើយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី ជាពិសេសកម្មវិធីដែលលោកអ្នកមិនត្រូវការចាំបាច់ ដោយសារតែកម្មវិធីទាំងនោះអាចធ្វើឱ្យទូរសព្ទរបស់លោកអ្នកមានដំណើរការយឺតហើយថែមទាំងអាចបង្កប់មកជាមួយនឹងកម្មវិធីមេរោគផងដែរ។ ម្យ៉ាងវិញទៀត សូមលោកអ្នកពិនិត្យការវាយតម្លៃរបស់អ្នកប្រើប្រាស់មុនពេលទាញយកកម្មវិធី និងសូមប្រយ័ត្នចំពោះការអនុញ្ញាតដែលបានស្នើសុំ (permission requested) ដោយកម្មវិធីកំឡុងពេលដំឡើង ជាពិសេសទាក់ទងទៅនឹងការស្នើសុំតាមដានទីតាំង៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department