មនុស្សយ៉ាងតិច៧៨នាក់បានស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសទួគី

អាន់ការ៉ា៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួគីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវមួយនៅខេត្ត អ៊ីហ្សមៀ (Izmir) ភាគខាងលិចប្រទេសទួគី បានកើនឡើងដល់ ៧៨នាក់ហើយនៅថ្ងៃទី០២ ខែវិច្ឆិកានេះ។

 
មនុស្សយ៉ាងតិច៧៨នាក់បានស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសទួគី

ទិន្នន័យចុងក្រោយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ទាំង៧៨នាក់នោះ មានអ្នករងរបួសជាង ៩៦២ នាក់ ថែមទៀត និង ២១៩នាក់កំពុងទទួលការព្យាបាល។ មិនតែប៉ុណ្ណោះ យ៉ាងហោចណាស់មានអាគារចំនួន ៤០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណៈអាគាររាប់ពាន់ខ្នងទៀតរងការខូចខាតយ៉ាងដំណំ។

មកទល់ពេលនេះ ក្រុមប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តស្វែងរកមនុស្សដែលបាត់ខ្លួន និងជាប់នៅក្នុងអាគារដែលបានដួលរលំ។

សូមជម្រាបថា ប្រទេសទួគី ជាប្រទេសដែលស្ថិតនៅក្នុងតំបន់មួយ ដែលងាយរងគ្រោះពីការរញ្ជួយដី ជាក់ស្តែងដូចជាកាលពីខែមករាកន្លងទៅ ប្រទេសនេះរងការវាយប្រហារយ៉ាងខ្លាំងដោយគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ៤០នាក់ ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ