[Covid-19] កម្ពុជា! មានអ្នកជាសះស្បើយ ០១នាក់ និងមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី
នៅព្រឹកនេះកម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ ខណ:មានអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩សរុបមានចំនួន ២៨៩នាក់។រីឯអ្នកដែលប៉ះពាល់នៅក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ ខណ:មានអ្នកជាសះស្បើយ ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកូវីដ-១៩ សរុបមានចំនួន ២៨៩នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២៣០នាក់។
ករណីជាសះស្បើយគឺស្រ្តីជនជាតិបារាំងអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១២នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល