ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និង ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម”
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១–ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតនៃ គ.ស.ហ នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំកិច្ចអន្តរាគមន៍ជំរុញការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត ។
ជាសំណើសុំអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្ម, គោលបំណងនៃការធ្វើវិសោធនកម្ម “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ មានចំនួន ០៣ (បី) សំខាន់ៗ ដូចខាងក្រោម៖
១.លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា ។ កិច្ចការនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួម (ហៅកាត់ថាប្រព័ន្ធ CamDX) ដែលបានសម្រួលដល់ការចុះបញ្ជីអាជីវកម្មមួយកម្រិតធំ ។ ទោះជាយ៉ាងនេះក៏ដោយ, ដោយនីតិវិធីចាស់នៅមានចែងក្នុងច្បាប់, ការធ្វើវិសោធនកម្មច្បាប់ទាំងពីរខាងលើនេះ គឺជាកិច្ចការចាំបាច់ ដើម្បីឱ្យការអនុវត្ត និងប្រតិបត្តិការតាមប្រព័ន្ធ CamDX អាចដំណើរការទៅបានដោយរលូន និងប្រសិទ្ធភាពខ្ពស់។
២.បំពេញបន្ថែមបទប្បញ្ញតិ្ត និងនីតិវិធីឱ្យមានភាពច្បាស់លាស់ សម្រាប់ទ្រទ្រង់យន្តការ ដែលបាននិងកំពុងអនុវត្តកន្លងមក។
៣.ធានាសង្គតិភាពរវាងច្បាប់ទាំងពីរ “ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជ-កម្ម និងបញ្ជីពាណិជ្ជកម្ម” នេះ ជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដូចជា “ច្បាប់ស្តីពីការបោះ-ផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម” ជាដើម ។
អង្គប្រជុំ បានពិនិត្យមើលលម្អិតទៅលើមាត្រាពាក់ព័ន្ធនីមួយៗនៃច្បាប់ទាំងពីរខាងលើ និងបានឯកភាព ជាគោលការណ៍លើភាពចាំបាច់ និងបន្ទាន់នៃការធ្វើវិសោធនកម្ម ដោយក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តសម្អាត និងកែសម្រួលពាក្យពេចន៍ តាមការឯកភាពរបស់កិច្ចពិភាក្សា៕
ប្រភព: ក្រសួងព័ត៌មាន