[COVID-19] អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ធ្លាក់ចុះមកត្រឹម១២នាក់ ក្រោយមានអ្នកជាសះស្បើយ៣នាក់បន្ថែមទៀត និងពុំមានករណីឆ្លងថ្មីឡើយ
កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន៣ករណីបន្ថែម និងពុំមានអ្នកឆ្លងថ្មីឡើយថ្ងៃទី២១ មេសា ២០២០ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១១០នាក់ ឬជាង៩០% នៃអ្នកឆ្លងវីរុសទាំងអស់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២១ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន៣ករណីបន្ថែម និងពុំមានអ្នកឆ្លងថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១១០នាក់ ឬជាង៩០% នៃអ្នកឆ្លងវីរុសទាំងអស់ (១២២នាក់)។
ករណីជាសះស្បើយចំនួន០៣នាក់រួមមានបុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងបុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
គិតមកត្រឹមព្រឹកម៉ោង៧:00 ថ្ងៃទី២១ មេសា ២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម ១២នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ត ខណៈអ្នកឆ្លងសរុបនៅត្រឹម១២២នាក់ដដែល៕
ដោយ៖ ចាប មិថុនា