ការងារកសិកម្មដែលបានបញ្ចូលបច្ចេកវិទ្យាទំនើប និងឆ្លាតវៃនឹងជួយបង្កើនប្រសិទ្ធភាពខ្ពស់ជាងមុន
យុវជនមួយចំនួនបានយល់ឃើញថា ជំនាញកសិកម្មជាការងារមួយលំបាក ហត់នឿយ ទទួលបានប្រាក់បៀវត្សទាប ហើយធ្វើការដាំដុះ ចិញ្ចឹមសត្វហាលថ្ងៃហាលភ្លៀង និងសម្រាប់តែប្រជាជនដែលមានដីស្រែតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកជំនាញខាងវិស័យអប់រំបានលើកទឹកចិត្តយុវជនចាប់យកជំនាញកសិកម្មដោយសារជំនាញមួយនេះកំពុងមានការវិវឌ្ឍន៍តាមរយៈការបញ្ចូលបច្ចេកវិទ្យាបែបទំនើប ដើម្បីភាពងាយស្រួលគ្រប់គ្រងនិងតាមដាន ក្នុងទិសដៅបង្កើនទិន្នផលខ្ពស់ និងធានាស្ថេរភាពស្បៀងអាហារក្នុងស្រុក ព្រមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
ថ្លែងក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៍ កាលពីថ្ងៃទី២៨ ខែមីនាកន្លងមកនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យខេសិន គ្រុប បានលើកឡើងថាជំនាញកសិកម្មត្រូវបានយុវជនមួយចំនួនមើលរំលង មិនចាប់អារម្មណ៍ខ្លាំងនោះទេ ដោយយល់ឃើញថាជំនាញនេះសាមញ្ញធម្មតា មិនមានអ្វីរីកចម្រើន ធ្វើតែស្រែចំការនិងចិញ្ចឹមសត្វ ដែលជាការងារមួយហត់នឿយ និងទទួលបានប្រាក់បៀរវត្សទាប។
លោកឧកញ៉ា បានបន្ថែមទៀតថា កសិកម្មមិនមែនសំដៅលើការធ្វើស្រែចំការដំណាំដាំដុះ ចិញ្ចឹមសត្វតាមលក្ខណៈធម្មតានោះទេ គឺការសំដៅទៅដល់កសិកម្មបែបទំនើប និងឆ្លាតវៃ ដែលបញ្ចូលបច្ចេកវិទ្យានិងបច្ចេកទេសទំនើប ប្រើប្រាស់ផ្ទៃដីតិច កម្លាំងពលកម្មតិច ពេលវេលាខ្លីជាងមុន ដើម្បីទទួលទិន្នផលខ្ពស់។ ជាក់ស្តែងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បាននាំមុខគេលើការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មបែបទំនើប និងឆ្លាតវៃមួយនៅប្រទេសកម្ពុជា ដែលជួយបង្កើនផលិតផលខ្ពស់ និងធានាបាននូវទឹកដោះគោស្រស់ប្រកបដោយគុណភាពសម្រាប់អ្នកបរិភោគចាប់ពីកុមាររហូតដល់មនុស្សចាស់។
លោក ជី សីលា ជាសហស្ថាបនិក ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៍ជាកសិដ្ឋានទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែលទាំងការដាំស្មៅដោយប្រើគ្រឿងចក្រទំនើបរួមនឹងប្រើប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឆ្លាតវៃ។ ចំណែកគោត្រូវបានបំពាក់ឧបករណ៍តាមដានសុខភាព ប្រសិនគោណាមួយស៊ីចំណីនិងផឹកទឹកមិនគ្រប់គ្រាន់ នោះប្រព័ន្ធឆ្លាតវៃនឹងបង្ហាញសញ្ញាថាគោមានបញ្ហាសុខភាព ដើម្បីបសុពេទ្យព្យាបាលជាមុន ដែលកាត់បន្ថយមិនឲ្យគោឈឺខ្លាំង ឬប៉ះពាល់ដល់គុណភាពទឹកដោះគោ។ ចំណែកឯសង្វាក់ផលិតកម្មទឹកដោះគោស្រស់មានប្រព័ន្ធសម្លាប់មេរោគ ដើម្បីធានាគុណភាព សុវត្ថិភាព សុខភាពអ្នកបរិភោគ និងមានអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់វ័យ។
ឧកញ៉ា ប៉ិច បូឡែន នឹងសិក្សាលទ្ធភាពរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ នៅពេលខាងមុខឆាប់ៗនេះ ដើម្បីឈ្វេងយល់ពីទិដ្ឋភាពជាក់ស្តែងពីបច្ចេកវិទ្យាកសិកម្មបែបទំនើបនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៍ ចាប់ពីដំណើរបច្ចេកទេសដាំស្មៅ ការលាយចំណី ការថែទាំ ការបូមយកទឹកដោះ និងសង្វាក់ផលិតកម្មសម្រេច ហើយក៏ចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនមួយចំនួនដែលយល់ថាការងារក្នុងវិស័យកសិកម្មជាការងារប្រើកម្លាំងកាយសុទ្ធសាធ មានការលំបាក និងទទួលបានប្រាក់ចំណូលទាប។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ពិសេសរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍ និងផ្តល់អាទិភាពដល់វិស័យកសិកម្ម ព្រោះវិស័យនេះជួយទ្រទ្រង់ និងបង្ហាញភាពម្ចាស់ការលើសេដ្ឋកិច្ចខ្លួនឯង ទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ឬពិភពលោកមានការរង្គោះរង្គើរបែបណា ក៏ប្រទេសយើងមានស្បៀងអាហារគ្រប់គ្រាន់ដូចជា៖ ត្រី បន្ថែ សាច់ អង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងស្រុក។
លោកឧកញ៉ានឹងជួយគាំទ្ររាល់ផលិតផលរបស់កសិដ្ឋាគិរីសួគ៍តាមលទ្ធភាព តាមរយៈការដាក់តាំងលក់នៅអាហាដ្ឋានរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ដោយសារទឹកដោះគោស្រស់ និងផលិតផលផ្សេងទៀតជាផលិផលក្នុងស្រុក និងមានការទទួលស្គាល់ពីស្ថាប័ន និងមន្ទីរពិសោធន៍ត្រឹមត្រូវ។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគីរីសួគ៍ មានផ្ទៃដីប្រមាណ ៣០០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាទីខេត្តតាកែវ បច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតទឹកដោះគោបាន ១២ ០០០ លីត្រនៅក្នុង១ថ្ងៃ សម្រាប់ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ គោដែលនាំយកមកពីក្រៅប្រទេស និងយកមកចិញ្ចឹមក្នុងស្រុក រហូតមកទល់នឹងពេលនេះមានចំនួនជិត៧៨០ក្បាល ខណៈដែលគោអាចយកទឹកដោះបានមានចំនួនជាង៣៨០ក្បាល។ កសិដ្ឋានបានស្រូបយកកម្លាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធ សម្រាប់ពង្រីកចំណេះ និងជំនាញថ្មីពីប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ទៅលើផ្នែកកសិកម្មផងដែរ៕