ឈប់យល់ច្រឡំទៀត! រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បញ្ជាក់ថា ការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនប៉ះពាល់សុខភាពទេ
កន្លងមកឱ្យតែឮថាតំបន់ណាមួយមានការដាំបង្គោលអង់តែនទូរស័ព្ទចល័ត គេតែងគិតថា វិទ្យុសកម្មដែលចេញពីអង់តែននោះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅក្នុងតំបន់។ យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ច្បាស់ហើយៗថា អង់តែនទាំងនោះ មិនមាសផលប៉ះពាល់ដល់សុខភាព ដូចពាក្យគេថានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។
ឯកឧត្តម បានបញ្ជាក់ដូច្នេះថា “ក្រុមហ៊ុនប្រតិបត្តិករ និងក្រសួងបានដាក់ផែនការកំណត់ទីតាំង សាងសង់បង្គោលអង់តែនចំនួន៨៨បង្គោល ហើយ រយៈពេលជាងមួយឆ្នាំ ដែលក្រុមការងារក្រសួងបានសាងសង់បង្គោលអង់តែន៧០បង្គោលរួចហើយ ដោយនៅសេសសល់ ១៨បង្គោលទៀតតែប៉ុណ្ណោះ ដែលពុំទាន់បានសាងសង់ ដោយសារតែប្រជាពលរដ្ឋមិនអនុញ្ញាតឱ្យសាងសង់ ព្រោះយល់ថា ការសាងសង់បង្គោលអង់តែន ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។”
តាមរយៈប្រការនេះ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការដាំបង្គោលអង់តែនទូរស័ព្ទចល័ត មិនផ្ដល់ផលប៉ះពាល់ណាមួយដល់សុខភាពនោះឡើយ ហើយប្រសិនបើប៉ះពាល់ដល់សុខភាពមែននោះ នៅលើពិភពលោកទាំងមូល មិនមានការប្រើប្រាស់បង្គោលអង់តែននោះឡើយ ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រលំបន្តទៀត ។
សំឡេង «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បង្គោលអង់តែនមិនមានផ្ដល់ផលប៉ះពាល់ដល់សុខភាពណាមួយឡើយ ប្រសិនជាផ្ដល់ផលប៉ះពាល់ដូច្នេះលើពិភពលោក មិនមានអ្នកណាប្រើបង្គោលអង់តែននោះឡើយ។ បើនៅប្រទេសគេវិញបង្គោលអង់តែន គឺនៅពីលើក្បាលតែម្ដង ព្រោះនៅគ្រប់អគារទាំងអស់ ដូច្នេះប្រសិនផ្ដល់ផលប៉ះពាល់ ម្ល៉េះប្រជាជនបរទេស នឹងមានផលប៉ះពាល់ជាពុំខាន ដូច្នេះសូមឲ្យពលរដ្ឋយល់លើបញ្ហានេះ ហើយអនុញ្ញាតឲ្យក្រុមហ៊ុន និងក្រសួងបន្ថែមសេវា ដែលបានខិតខំប្រឹងប្រែងធ្វើកន្លងមក» ។