ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួន អំឡុងពេលកូវីដ-១៩
អំឡុងពេលកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោក ទន្ទឹមនឹងនោះស្ត្រីកំពុងពពោះ ក៏មានការព្រួយបារម្ភលើការការពារខ្លួន និងកូននៅក្នុងផ្ទៃឲ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងវីរុសកូវីដ១៩ នេះផងដែរ។
ខាងក្រោមនេះ គឺជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ៖
១. ញ៉ាំអាហារចម្រុះមុខ
ការទទួលទានអាហារគ្រប់គ្រាន់ ពិតជារឿងសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិគ្រាប់រុក្ខជាតិ ទឹកដោះគោជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃ ជួយឲ្យ ទ្រទ្រង់ សុខភាពម្តាយ និងកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ មានប្រព័ន្ធការពាររឹងមាំ មិនឆ្លងមេរោគ និងមិនងាយទន់ខ្សោយ។
២. គេងឲ្យបានគ្រប់គ្រាន់
នៅពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះប្រាកដ៍ជាពិបាកគេង ហើយបើយើងខ្វល់ខ្វាយ អំពី COVID-19 ទៀតនោះ និងធ្វើឲ្យប៉ះពាល់ដំណេកកាន់តែខ្លាំង។ បែបនេះ ម៉ាក់ៗត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង និងមានអារម្មណ៍ ស្រស់ថ្លា។ បន្ថែមពីនេះកុំគិតខ្វល់ខ្វាយច្រើនពេក ព្រោះបើអ្នកគិតច្រើនពេកអាចបណ្តាលអោយសុខាភាពចុះខ្សោយ និងងាយនឹងឆាប់ឈឺ។
៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ
បើមិនមានការចាំបាច់ ម៉ាក់ៗមិនត្រូវចេញទៅក្រៅ ឬទីកន្លែងណាដែលមានមនុស្សច្រើននោះទេ នៅផ្ទះមានសុវត្ថិភាពជាងទីណាៗទាំងអស់ អ្នកក៏អាចធ្វើការតាម online ពីផ្ទះក៏បានដែរ។
៤. ពាក់ម៉ាស់
បើមានកិច្ចការចាំបាច់ត្រូវចេញទៅក្រៅ ឬទីកន្លែងដែលមានមនុស្សច្រើន ជាពិសសស្ត្រីពពោះត្រូវទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីតាមដានសុខភាពជារៀងរាល់ខែ ម៉ាក់ៗត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងកុំដើរទៅកាន់ កន្លែងដែលមានមនុស្សច្រើនអោយសោះ។
៥. អនុវត្តក្បួនអនាម័យជាប្រចាំ
ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក អាល់កុល ឬជេលឲ្យបានញឹកញាប់។ រក្សាចន្លោះរវាងអ្នក និងអ្នកដទៃ ប្រហែល ១ម។ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ។ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ប្រភព៖ hellokrupet ដោយ៖ ជា បញ្ញា