ជៀសវាងញ៉ាំអាហារប្រភេទនេះប្រសិនបើអ្នកកំពុងឈឺបំពង់ក
ឈឺបំពង់ក គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យរលាកបំពង់ក មានការឈឺចាប់ ពិបាកក្នុងការលេបចំណីអាហារ សូម្បីតែការនិយាយស្តីក៏ពិបាកដែរ។ ដូច្នេះដើម្បីព្យាបាលជំងឺឲ្យឆាប់ជា ក្រៅពីលេបថ្នាំតាមវេជ្ជបញ្ជា អ្នកគួរតែតមអាហារមួយចំនួន ពុំនោះទេជំងឺនឹងកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរជៀសវាង៖
អាហារហិរ
អាហារហិរ ត្រូវបានគេចាត់ទុកថាជាអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុត ចំពោះការរំលាយអាហារ។ បើទោះបីជាយ៉ាងណាក៏ដោយ វាមិនល្អសម្រាប់អ្នកដែលកើតជំងឺរលាកបំពង់កនោះឡើយ ព្រោះនៅពេលដែលអាហារប្រភេទនេះឆ្លងកាត់បំពង់ក វានឹងមានលក្ខណ:ក្រហាយ និងរលាកកាន់តែធ្ងន់ធ្ងរ។
អាហារអាំង ចៀន ឬ បំពង
ពពួកអាហារទាំងនេះក៏មិនល្អសម្រាប់អ្នកជំងឺឈឺបំពង់កដែរ ដោយសារតែវាអាចបង្កឲ្យពិបាកក្នុងការលេប និងទំពារ។ ប្រសិនបើអ្នកទទួលទានវាកាន់តែច្រើន ធ្វើឲ្យជំងឺមិនងាយនឹងជាសះស្បើយ ហេតុនេះសូមជៀសវាងញ៉ាំវាបណ្តោះអាសន្នសិនទំរាំតែជាដាច់។
ភេសជ្ជ:មានជាតិអាល់កុល
មនុស្សជាច្រើនគិតថា ជាតិអាល់កុល គឺជាថ្នាំប្រឆាំងនឹងមេរោគ និងសម្អាតបំពង់ក។ ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ ប្រសិនបើអ្នកទទួលទានច្រើនអាចគ្រោះថ្នាក់ ដែលបណ្តោលមានអារម្មណ៍ក្រហាយនៅក្នុងបំពង់កកាន់តែខ្លាំង។ ភេសជ្ជ:ដែលមានផ្ទុកជាតិអាល់កុល នឹងបណ្តាលឲ្យមានការផ្លាស់ប្តូរសីតុណ្ហភាពក្នុងរាងកាយដូចជា ស្រាបៀរត្រជាក់ៗ គឺកាន់តែធ្វើឲ្យបំពង់កឈឺកាន់តែធ្ងន់ធ្ងរ៕
ដោយ៖ ជា បញ្ញា