[COVID-19] កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ៥នាក់បន្ថែមទៀត ខណៈរកឃើញអ្នកឆ្លងថ្មី២ករណីផងដែរ

កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៥ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី២នាក់ផងដែរ។

 
[COVID-19] កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ៥នាក់បន្ថែមទៀត ខណៈរកឃើញអ្នកឆ្លងថ្មី២ករណីផងដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៨ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៥ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី២នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១៧នាក់ និងជាសះស្បើយសរុប ៦៣នាក់។

ករណីឆ្លងថ្មីទាំង២នាក់ កើតលើប្តីប្រពន្ធជនជាតិខ្មែរនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

សូមរម្លឹកផងដែរថា បុរសជាស្វាមីរូបនេះ ជាមិត្តភក្រ័បុរសជនជាតិចិនចូលមកកម្ពុជានៅថ្ងៃទី២០ មីនា ២០២០ ជាអ្នកឧស្សាហ៍ធ្វើដំណើរឡើងចុះ និងក្រោយពីបានចាកចេញពីកម្ពុជានៅថ្ងៃទី០៣ មេសា ២០២០ ក៏បានរកឃើញមានវីរុសកូវីដ១៩ ដោយអាជ្ញាធរសុខាភិបាលនៅប្រទេសចិន។ ជនជាតិចិនរូបនេះជាមិត្តប្រុសរបស់ស្រ្តីជនជាតិវៀតណាមរកឃើញមានវីរុសកូវីដ១៩ដែលវត្ថុសំណាករបស់គាត់បានយកមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបច្ចុប្បន្ននេះបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី០៨ មេសា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១១៧នាក់ ដោយក្នុងនោះស្រ្តី ៣៤នាក់ និងបុរស ៨៣នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន៦៣នាក់ ក្នុងនោះមានជនជាតិខ្មែរ៣២នាក់ និងជនបរទេស៣១នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៥៤នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

ដោយ៖ ចាប មិថុនា