ឥឡូវនេះសិស្សានុសិស្សអាចសិក្សានៅតាមផ្ទះបានកាន់តែងាយស្រួលតាមរយៈទូរទស្សន៍អនឡាញ Wiki TV
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅតាមគេហដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានសហការជា ទូរទស្សន៍ Wiki TV របស់ក្រុមហ៊ុនផុស្ការ (POSCAR Cambodia) ផ្សព្វផ្សាយវីឌីអូមេរៀន ជូនដល់សិស្សពីថ្នាក់ទី៩ និងថ្នាក់ទី១២ ទស្សនាដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចសហការនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី «គម្រោងព្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំ» រវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា និង Wiki TV របស់ក្រុមហ៊ុន ផុស្ការ (ខេមបូឌា) ឯ.ក ក្រោមអធិបភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។
Wiki TV គឺជា App ដែលអាចប្រើបច្ចេកវិទ្យាទំនើប ដោយទាញយកពី App Store, Google Play ឬ Smart TV សម្រាប់ចាក់ផ្សាយវីដេអូមេរៀន ដែលបង្រៀនដោយលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបង្រៀន។ដើម្បីឆ្លើយតបទៅនឹងវិធានការវិស្សមកាលតូចមុនកាលកំណត់នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជុំវិញកិច្ចសហការនេះ ប្រធាននាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងអប់រំ លោក សុក ថា បានយល់ឃើញថា «ការសហការជាមួយ Wiki TV នៅពេលនេះគឺជាការបន្ថែមមធ្យោបាយក្នុងការរៀនតាមទូរទស្សន៍អនឡាញ ដែលជាបច្ចេកវិទ្យាថ្មី និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សរៀនពីចម្ងាយ ដែលសព្វថ្ងៃក្រសួង ក៏មានការ ចាក់ផ្សាយវីដេអូមេរៀនតាម បណ្តាញ Youtube, ទំព័រ Facebook ផ្លូវការរបស់ក្រសួង និងមជ្ឈមណ្ឌលសិក្សា អេឡិចត្រូនិករបស់ក្រសួងផងដែរ»។
ចំណែកឯ លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុនផុស្ការបានឱ្យដឹងថាWiki TV ជាទូរទស្សន៍អប់រំដំបូង គេនៅ កម្ពុជាដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដែលទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មានលេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ព័ត៌មានអប់រំទូទាំងប្រទេស និងពិភពលោក ជាពិសេសអ្នកសិក្សា បុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា។ Wiki TV នឹងរៀបចំកម្មវិធីផ្សាយដើម្បីគាំទ្រដល់កំណែទម្រង់អប់រំនៅកម្ពុជា។
គួរសជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិងក្រុមហ៊ុន Wiki TV របស់ក្រុមហ៊ុនផុស្ការ (POSCAR Cambodia) បានធ្វើឡើងដើម្បីឆ្លើយតបតម្រូវការរបស់សិស្សានុសិស្ស ដែលត្រូវឈប់សម្រាកវិស្សមកាលមុនការកំណត់ ដោយសារតែជំងឺCOVID-19 ដែលកំពុងរីករាលដាលក្នុង ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។
ដោយបារម្ភពីការរីករាលដាល និងសុខភាពរបស់សិស្សានិសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ទើបលោកបណ្ឌិត ភាចារ្យ ហង់ ជូន ណារ៉ុន បានប្រកាសឲ្យសិស្សានុសិស្សទូទាំងប្រទេស ឈប់សម្រាកវិស្សមការមុនការកំណត់ ដោយមិនទាន់មានការបរិច្ឆេកច្បាស់លាស់នៃការវិលចូលសិក្សាវិញនៅឡើយ។ ពោលគឺត្រូវរង់ចាំដល់អាចគ្រប់គ្រងស្ថានការជំងឺកូវីដ១៩ (COVID-19)សិន៕
អ្នកអាចទាញយកកម្មវិធីតាមតំណភ្ជាប់ខាងក្រោមនេះ៖
តំណភ្ជាប់៖ Wiki TV Web: http://wikitv.asia/
Android: https://play.google.com/store/apps/details?id=com.poscarasia.wiki.tv&hl=en
iOS: https://apps.apple.com/kh/app/wiki-tv-cambodia/id1463007665
ប្រភព៖ moeys ដោយ៖ ជា បញ្ញា