សាលារៀនវ៉េស្ទឡាញ សាលារៀនណត្សឡាញន៍ និងសាលាអន្តរជាតិអេបផលទ្រី បើកទ្វារសាលាឡើងវិញដោយអនុវត្តវិធានការសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា

បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។

 
សាលារៀនវ៉េស្ទឡាញ សាលារៀនណត្សឡាញន៍ និងសាលាអន្តរជាតិអេបផលទ្រី បើកទ្វារសាលាឡើងវិញដោយអនុវត្តវិធានការសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា

 

បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ទាំង១០សាខា ក្នុងរាជធានីភ្នំពេញ និងសាលាអន្តរជាតិអេបផលទ្រី នឹងបើកទ្វារសាលាឡើងវិញដោយអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឱ្យដឹងថា បណ្តាញសាលារៀនទាំងអស់របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន ក្នុងរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសិក្សារបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ សាលារៀននឹងអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រក្សាចំនួនសិស្សមិនលើសពី១៥នាក់ក្នុងមួយថ្នាក់ ចំណែកសិស្សមួយក្រុមទៀតរៀនតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សក្នុងកម្មវិធីសិក្សាផ្សេងទៀតត្រូវរក្សាការសិក្សាតាមប្រព័ន្ធអនឡាញដដែលរហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់ថ្ងៃចូលរៀនដំបូងនៅសាលាឡើងវិញ គ្រប់បុគ្គលិកសិក្សា ព្រមទាំងលោកគ្រូ អ្នកគ្រូ តម្រូវឱ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ មុននឹងអនុញ្ញាតឱ្យចូលបម្រើការងារ និងបង្រៀនសិស្សក្នុងថ្នាក់។ លោកក៏បន្តទៀតថា សាលារៀនបង្កើតគណៈកម្មការ រក្សាបរិស្ថានអនាម័យ ឱ្យសិស្សវាស់កំដៅនិងសម្អាតដៃជាមួយទឹកអាល់កុលជាប្រចាំ ផ្តល់ទីកន្លែងលាងដៃ ធ្វើ Rapid Test ភ្លាមៗនិងជាបន្តបន្ទាប់ក្នុងករណីសង្ស័យ ហើយតាមដានបុគ្គលិកថ្មីចូលធ្វើការ ជំរុញការប្រជុំតាមប្រព័ន្ធអនឡាញ តាមដានព័ត៌មានជាក់លាក់ ជៀសវាងព័ត៌មានក្លែងក្លាយ និងមិនអនុញ្ញាតឱ្យលក់ចំណីអាហារក្នុងបរិវេណសាលាឡើយ។

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដល់គ្រឹស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំការអនុវត្តវិធានការសុវត្ថិភាព ៣កុំ និង៣ការពារ អនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលការប្រតិបត្តិស្តង់ដារ (SOP) អនុវត្តការរៀនតាមបណ្តុំ និងផ្តល់ព័ត៌មានបញ្ជីឈ្មោះអ្នកពាក់ព័ន្ធការឆ្លងកូវីដមកមន្ទីរប្រសិនបើមានករណីឆ្លងណាមួយកើតឡើយជាយថាហេតុ។

លើសពីនេះ មន្ទីរអប់រំក៏បានណែនាំដល់មាតាបិតាសិស្ស ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺរបស់សិស្ស ត្រូវមានលិខិតបញ្ជាក់ពីអជ្ញាធរដើម្បីអាចមករៀនបាន លើកទឹកចិត្តឱ្យសិស្សធ្វើស្វ័យសិក្សាផ្តល់លេខទំនាក់ទំនងមកគណៈនាយកសាលា អ្នកជូនសិស្សមករៀនត្រូវពាក់ម៉ាស់ និងក្នុងករណីមានការឆ្លង ត្រូវចាត់វិធានការឱ្យបានឆាប់រហ័សបំផុត។

លោក គង់ សំនៀង បានគូសបញ្ជាក់ថា ការបើកដំណើរសាលារៀនឡើងវិញជាមួយនឹងវិធានការបង្ការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការជួយស្តារគុណភាពអប់រំឡើងវិញ និងទប់ស្តាត់ការឆ្លងរីករាលដាលជំងឺកូវីឌ-១៩៕