ក្រុមអ្នកជំនាញបច្ចេកវិទ្យាខ្មែរ ប្រកាសស្វែងរកការគាំទ្រក្នុងការបង្កើតកម្មវិធីគ្រប់គ្រង និងតាមដានជម្ងឺកូវីដ១៩ (COVID-19)

យើងខ្ញុំជាក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាដែលមានមនសិការក្នុងការជួយដោះស្រាយបញ្ហាប្រឈមមុខគឺជម្ងឺកូវីដ១៩ (COVID-19) ឬកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនៅលើពិភពលោកផងដែរនោះ កំពុងស្វែងរកការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និង អង្គការពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតកម្មវិធីកុំព្យូទ័រ និងកម្មវិធីទូរសព្ទវៃឆ្លាតមួយដើម្បីធ្វើការគ្រប់គ្រង និង តាមដានអ្នកជម្ងឺ ឬ អ្នកដែលប្រឈមមុខនឹងជម្ងឺកូវីដ១៩ (COVID-19) ដោយស្វ័យប្រវត្តិ។

 
ក្រុមអ្នកជំនាញបច្ចេកវិទ្យាខ្មែរ ប្រកាសស្វែងរកការគាំទ្រក្នុងការបង្កើតកម្មវិធីគ្រប់គ្រង និងតាមដានជម្ងឺកូវីដ១៩ (COVID-19)
ក្រុមអ្នកជំនាញបច្ចេកវិទ្យាខ្មែរ ប្រកាសស្វែងរកការគាំទ្រក្នុងការបង្កើតកម្មវិធីគ្រប់គ្រង និងតាមដានជម្ងឺកូវីដ១៩ (COVID-19)

កម្មវិធីវៃឆ្លាតនេះគឺមានសមត្ថភាព និងអត្ថប្រយោជន៍ដូចខាងក្រោម៖

1. ចំពោះក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធ

កម្មវិធីកុំព្យូទ័រនេះជួយសម្រួលក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធក្នុងការគ្រប់គ្រង និងតាមដានអ្នកដែលប្រឈមមុខនឹងជម្ងឺកូវីដ១៩ (COVID-19)យ៉ាងងាយស្រួល និងស្វ័យប្រវត្តិ។ ជាឧទាហរណ៍ ប្រសិនបើគេរកឃើញថាមានមនុស្សម្នាក់បានឆ្លងជម្ងឺកូវីដ១៩ (COVID-19) នោះក្រសួង និងអង្គការពាក់ព័ន្ធ អាចដឹងដោយស្វ័យប្រវត្តិតាមរយ:ប្រព័ន្ធកុំព្យូទ័រ នូវអ្នកដែលមានទំនាក់ទំនងជាមួយនឹងអ្នកដែលបានឆ្លងជម្ងឺនេះ។ ដូច្នេះហើយ ក្រសួងសុខាភិបាលអាចទាក់ទងទៅកាន់អ្នកប្រឈមទាំងនោះដើម្បីធ្វើការពិនិត្យ និងព្យាបាលអោយបានទាន់ពេលវេលា ដើម្បីជៀសវាងការរីករាលដាលទៅអ្នកដទៃ។ បន្ថែមពីលើនេះទៅទៀត ក្រសួង និងអង្គការពាក់ព័ន្ធក៏អាចផ្ញើសារអប់រំ និងក្រើនរម្លឹកដល់មនុស្សគ្រប់គ្នាតាមរយ:ប្រព័ន្ធកុំព្យូទ័រផងនេះដែរ។

2. ចំពោះមនុស្សទូទៅ

មនុស្សទូទៅតម្រូវឲ្យមានកម្មវិធីទូរស័ព្ទមួយ ដែលកម្មវិធីនេះមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ដូចជា ទទួលបាននូវ​ព័ត៌មាន​ដែលជឿទុកចិត្តពីសំណាក់ក្រសួងសុខាភិបាលទាក់ទងនឹងជម្ងឺកូវីដ១៩ (COVID-19)និង​ទទួលបានការព្យាបាលទាន់ពេលវេលា។ សូមបញ្ជាក់ថាកម្មវិធីទូរសព្ទនេះនឹងប្រាប់ទៅអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិដើម្បីស្វែងរកការព្យាបាលជម្ងឺបន្ទាន់មួយប្រសិនបើអ្នកប្រើប្រាស់រូបនេះមានការប្រាស្រ័យទាក់ទង ឬបាននៅជិតនឹងអ្នកជម្ងឺ។ បន្ថែមពីលើនេះទៅទៀត មនុស្សទូទៅអាចរាយការណ៍អំពីអាការៈផ្ទាល់ខ្លួនប្រសិនបើសង្ស័យថាមានជម្ងឺកូវិដ១៩ តាមរយៈកម្មវិធីទូរសព្ទនេះ បន្ទាប់មកក្រសួងពាក់ព័ន្ធនឹងធ្វើការទាក់ទងពិនិត្យរកមេរោគជាដើម។

ដោយសារតែមេរោគកូវីដ១៩ (COVID-19)ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសក្នុងពិភពលោកយ៉ាងធ្ងន់ធ្ងរ ។ ក្រុមយើងខ្ញុំជឿជាក់ថាគំនិត និងកម្មវិធីដែលបានរៀបរាប់ខាងលើពិតជាអាចជួយសម្រួលដល់ការគ្រប់គ្រង និងតាមដានជម្ងឺកូវីដ១៩ (COVID-19) យ៉ាងមានប្រសិទ្ធិភាព ហើយក៏អាចជួយ​ស្តា​ស្ថានភាពសេដ្ឋកិច្ចប្រទេសអោយមានភាពកាន់តែប្រសើរឡើង។ ដើម្បីធ្វើ​ឲ្យ​កម្មវិធីដែលបានរៀបរាប់ខាងលើលេចចេញជារូបរាងឡើង យើងខ្ញុំត្រូវការការគាំទ្រពីសំណាករាជរដ្ឋាភិបាល ក្រសួង ឬ អង្គការពាក់ព័ន្ធទាំងអស់។ យើងខ្ញុំនឹងចូលរួមយ៉ាងស្វិតស្វាញក្នុងការបង្កើតកម្មវិធីទាំងនោះដោយចំនាយពេលវេលាយ៉ាងតិចបំផុត ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ (COVID-19) អោយបានទាន់ពេលវេលា។

ដើម្បី​ស្វែង​យល់​ព័ត៌មាន​លម្អិត​អំពី​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា​ខាង​លើ អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ 081 447 319/ 092 111 687 ឬ​តាម​រយៈ​អ៊ីមែល [email protected]