ប្រជាពលរដ្ឋកម្ពុជាចំនួន ៨៩.៧២% ក្នុងក្របខណ្ឌទូទាំងប្រទេស បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដោយរាប់ចាប់ពីកុមារអាយុ ៥ឆ្នាំឡើង ចំនួន ១៤ ៣៥៥ ៣៥០ នាក់ ដែលស្មើនឹង ៨៩.៧២% បានទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី២) ដែលនេះគឺជាមោទកភាពមួយរបស់កម្ពុជា ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-១៩ ជាសកល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០២ ៤៩៧ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥២ ៧៧៨ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០២% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៩៩៥ ៣៣៩ នាក់ និងដូសជំរុញ (ដូសទី៤) ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ សម្រេចចាក់បានចំនួន ៤៥៩ ៩៣០ នាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៩៧០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤១ ៦៨៦ នាក់ ដែលស្មើនឹង ៩៩.៥៤% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ៥៥៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២២ ១៩៩ នាក់ ដែលស្មើនឹង ១០៥.៩៦% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៣ ៣២៩ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៦ ៦៧៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.២៥%។
តួលេខនៃការងារចាក់វ៉ាក់សាំងនេះបានបញ្ជាក់ថា កម្ពុជាស្ថិតនៅលំដាប់ជួរមុខដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន