ថ្ងៃនេះសម្តេចតេជោ បញ្ជាក់ថា ទីបំផុតកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់សម្តេចលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់សម្តេចរហូតប្រើពាក្យមិនសមរម្យខ្លះមកលើសម្តេច។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់សម្តេចបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។
សម្តេចសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕
ប្រភព: ផេក Facebook សម្តេចហ៊ុនសែន