មន្ត្រីយោធាម្នាក់ទៀតបានឆ្លងកូវីដ-១៩ បើទោះបីជាបានចាក់ វ៉ាក់សាំងលើកទី២រួចហើយក្តី

សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលមន្ត្រីយោធាម្នាក់ទៀតបានឆ្លងកូវីដ-១៩ បើទោះបីជាបានចាក់វ៉ាក់លើកទី២រួចហើយក្តី ។

 
មន្ត្រីយោធាម្នាក់ទៀតបានឆ្លងកូវីដ-១៩ បើទោះបីជាបានចាក់ វ៉ាក់សាំងលើកទី២រួចហើយក្តី

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ឥឡួវនេះគឺមានការរីករាលដាល នៅក្នុងទ័ពរបស់យើង គឺវាចាប់ផ្តើមមានជាបន្តបន្ទាប់ហើយ បន្ទាប់ពីករណីនៅខេត្តព្រៃវែង បានចាក់វ៉ាក់សាំងរួចហើយ ហើយបន្ទាប់មកទៀត នៅខាងកន្លែងកីឡាក៏បានចាក់វ៉ាក់សាំងដែរ ហើយចំណែកថ្ងៃនេះ ឈ្មោះ តារា សកល បានចាក់វ៉ាក់សាំងរួចហើយ ក៏បានឆ្លងវីរុសកូវីដ-១៩នេះផងដែរ ។

សម្តេចពិជ័យសេនា បន្តថា ដោយមានករណីបែបនេះ សម្តេចពិជ័យ សូមអំពាវនាវដល់កងទ័ព ក្រុមគ្រូពេទ្យ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន បន្ថែមទៀត ដោយត្រូវអនុវត្តឱ្យ បានមួយរយភាគរយ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ។

សម្តេចបានមានប្រសាសន៍បន្តថា ពេទ្យរបស់យើងត្រូវការពារខ្លួន គឺអ្នកមកចាក់ម្ជុលទីមួយក៏នៅតែមាន ហើយអ្នកចាក់ម្ជុលទី២ ក៏មានឆ្លងដែរ ឥឡូវគឺមានឆ្លងអ្នកចាក់ម្ជុលទី២ហើយ ដូច្នេះត្រូវប្រុងប្រយ័ត្នមិនអាចធ្វេសប្រហែសបានទេ ចាប់ពីអ្នកសម្ភាសន៍ ដល់ការចាក់ ត្រូវប្រុងប្រយ័ត្នមែនទែនកុំធ្វេសប្រហែសឱ្យសោះ ។ ជាមួយនឹងដែរ ក្រុមផ្នែកផ្សេងៗដែលយើងបានរៀបចំទុកគឺឱ្យមានការប្រុងប្រយ័ត្នឥឡូវ គឺយើងឃើញច្បាស់ហើយដោយសារវារាលដាលរបៀបហ្នឹងវាមិនរើសមុខទេ អ្នកដែលទទួលវ៉ាក់សាំងហើយក៏វានៅតែឆ្លងបានដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នឱ្យបានល្អផងទាំងអស់គ្នា ជាពិសេសក្រុមបំពេញភារកិច្ចការងារដាច់ខាត គឺត្រូវតែពាក់ម៉ាស់ឱ្យបានមួយរយភាគរយ ការធ្វើអនាម័យ ការដាក់គម្លាត ឥឡូវយើងកំពុងសម្ភាសន៍ជាមួយអ្នកឆ្លងថ្មីបំផុតនេះ មានទំនាក់ទំនងរបៀបណា កំពុងឱ្យខាងជំនាញមកជួយវិភាគ ហើយដាក់អ្នកណាខ្លះដោយឡែក អ្នកណាត្រូវយកសំណាកភ្លាម ដើម្បីទប់ស្កាត់កុំឱ្យឆ្លងទៅណាផ្សេងទៀត» ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១០ ខែ កុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួន ១៨៩ ០៨៦នាក់ ក្នុងនោះស្រី ចំនួន ៦៥០៤៣ នាក់ អ្នកដែលបានចាក់រួចមានចំនួន ១៧០ ៦៥៩នាក់ ក្នុងស្រីចំនួន ៥៧៤៣០ នាក់ និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ១៨៤២៧នាក់ ក្នុងនោះស្រីចំនួន ៧៦១៣ នាក់ ៕

 

ប្រភព: ក្រសួងព័ត៌មាន