ចង់ទិញម៉ូតូមួយទឹក តើត្រូវមានការប្រុងប្រយ័ត្នអ្វីខ្លះ?
បច្ចុប្បន្ននេះការលក់ម៉ូតូជជុះ ឬមួយទឹក នៅស្រុកខ្មែរមានការរីកចម្រើនខ្លាំងគួរអោយកក់សម្គាល់។ អ្នកទិញ ម៉ូតូជជុះ ឬ មួយទឹក គ្រប់រូបគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងពីការខកចិត្ត និងការខាតបង់ប្រាក់ដោយជឿសម្តីអ្នកលក់ខ្លាំងពេក។
ដូចនេះយើងសូមបង្ហាញគន្លឹះមួយចំនួនដើម្បីអោយប្រិយមិត្តស្វែងយល់ មុនពេលសម្រេចចិត្តទៅទិញម៉ូតូមួយទឹកនៅតាមហាងនានា។
+ពិនិត្យមើលតួគ្រោងផ្នែកខាងក្រៅ និងខាងក្នុងរបស់ម៉ូតូ អ្នកត្រូវពិនិត្យមើលច្រវាក់និងមីញ៉ុងរបស់វា។បន្ថែមពីនេះអ្នកគួរតែពិនិត្យមើលក្រទ្បាសម្បកកង់, ដៃម៉ូតូ,ប្រព័ន្ធបូម លក្ខខណ្ឌហ្វ្រាំង, ដងថ្លឹងអំប្រាយ៉ា និងតាប់ទ្បូជាដើម ។
+នៅពេលទិញម៉ូតូមួយទឹក អ្នកចាំបាច់ណាស់ត្រូវតែសួររកកាតគ្រីសម្គាល់ម្ចាស់ដើម ឬក្រដាសពន្ធ រួមទាំងវិក្កយបត្រទិញពីអ្នកលក់ ដើម្បីបញ្ជាក់ថាម៉ូតូដែលយើងទិញប្រើប្រាស់មានប្រភពច្បាស់លាស់។ បន្ថែមពីនេះអ្នកគួរយកកាតគ្រីម៉ូតូមកផ្ទៀងផ្ទាត់ជាមួយលេខតួម៉ាស៊ីនឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។
+អ្នកត្រូវឲ្យម្ចាស់ហាងមានការធានា ឬបញ្ជាក់ពីគ្រឿងបន្លាស់ផ្សេងៗ ក្រែងលោមានការលួចបន្លំ ឬការដោះដូរ ដែលនាំឲ្យបាត់បង់រូបរាងដើម។
+អ្នកត្រូវច្បាស់ថាហាងឆេងតម្លៃទិញនោះសមស្របអាចទទួលយកបានឬអត់ ពីព្រោះម៉ូតូមួយទឹកខុសពីម៉ូតូថ្មី តម្លៃស្រេចនៅលើមាត់ និងការចរចាគ្នា។ បើសិនជាអាច អ្នកគួរសិក្សាពីហាងឆេងជាមុនសិន មុននឹងទិញដូរ ជៀសវាងការសោកស្ដាយ។
កំណត់ចំណាំ បើទោះបីជាអ្នកទិញម៉ូតូមួយទឹក ក៏ហាងមួយចំនួននឹងផ្តល់ការធានាប្រើប្រាស់រយៈពេលមួយឆ្នាំដល់អតិថិជនទិញប្រើប្រាស់ដែរ។ ហាងដែលមានកេរ្តិ៍ឈ្មោះ និងមានការទទួលស្គាល់ គេមិនខ្លាចក្នុងការផ្តល់ការធានាដល់អតិថិជន ដើម្បីផ្ដល់ភាពកក់ក្ដៅ និងការពេញចិត្តសម្រាប់ការទិញប្រើប្រាស់ពីហាងរបស់ពួកគេ៕
ដោយ៖ ជា បញ្ញា