គ្មានជាតិអាល់កុលសោះ ៣១ថ្ងៃ បង្កើនផលល្អចំពោះសុខភាពបាន៨ខែ

ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង ចង់​យក​គំរូ​តាម​អង់គ្លេស កំណត់ ​ខែ​មករាជា​ខែ​គ្មាន​ជាតិ​ស្រា ដើម្បី​ឱ្យ​ពលរដ្ឋ​បារាំង​ចាប់​ពិចារណា​​អំពី​ទម្លាប់​នៃ​ការ​ទទួល​ទាន​ស្រា​របស់​ពួកគេ។ ប៉ុន្តែ​គម្រោង​ត្រូវ​ធ្លាក់​ទឹក ដោយ​រដ្ឋាភិបាល​មិន​គាំទ្រ។ នៅ​ទី​បំផុត យុទ្ធនាការ​ផ្អាក​ទទួល​ទាន​សុរាមួយ​រយៈ ​ប្រព្រឹត្ត​ទៅ​

 
គ្មានជាតិអាល់កុលសោះ ៣១ថ្ងៃ បង្កើនផលល្អចំពោះសុខភាពបាន៨ខែ

ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង ចង់​យក​គំរូ​តាម​អង់គ្លេស កំណត់ ​ខែ​មករាជា​ខែ​គ្មាន​ជាតិ​ស្រា ដើម្បី​ឱ្យ​ពលរដ្ឋ​បារាំង​ចាប់​ពិចារណា​​អំពី​ទម្លាប់​នៃ​ការ​ទទួល​ទាន​ស្រា​របស់​ពួកគេ។ ប៉ុន្តែ​គម្រោង​ត្រូវ​ធ្លាក់​ទឹក ដោយ​រដ្ឋាភិបាល​មិន​គាំទ្រ។ នៅ​ទី​បំផុត យុទ្ធនាការ​ផ្អាក​ទទួល​ទាន​សុរាមួយ​រយៈ ​ប្រព្រឹត្ត​ទៅ​ក្នុង​កំរិត​សមាគម ជាមួយ​ដៃគូAlcool Change UK ដែល​ជា​​អ្នក​ផ្តើម​គំនិត​បង្កើត Dry January “ខែ​មករា​គ្មាន​ជាតិ​ស្រា” នៅប្រទេស​អង់គ្លេស តាំង​ពី​ឆ្នាំ​២០១៣មក។ តើ​ការ​ផ្អាក​មិន​ទទួល​ជាតិ​សុរា​សោះ ផ្តល់​ឥទ្ធិពល​យ៉ាង​ណា​​ចំពោះ​សុខភាព ហេតុ​អ្វី​បាន​ជា​ភ្នាក់ងារ​បារាំង​ជំនះ​​ធ្វើ​ ដោយ​គ្មាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល?

ទិវា​គ្មាន​រថយន្ត ! ទិវា​គ្មាន​ផ្សែង​បារី ! ខែ​គ្មាន​ថ្នាំជក់ ! … មាន​ទិវា​ជា​ច្រើនត្រូវ​បាន​អាជ្ញាធរ​ជាតិ​​ បង្កើត​និង​គាំទ្រ​ដើម្បីការពារ​សុខភាព​សាធារណៈ។ ចុះ​ ខែ​គ្មាន​សុរា ហេតុអ្វី​បាន​ជា​មិន​អាច​ក្លាយ​ជា​កម្មវិធី​ជាតិ​នឹងគេ​បាន ?! ប្រធានបទ​ទាក់ទង​នឹង​សុរា រសើប​ខ្លាំងជ្រុល ព្រោះ​​តំណាង​ឱ្យ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ធំ​ណាស់។

មិន​គាំទ្រ​គម្រោង​ កំណត់​យកខែ​មករាជា​ខែ​គ្មាន​ជាតិ​សុរា មិនមែន​សេចក្តី​សម្រេច​គួរឱ្យ​​ភ្ញាក់​ផ្អើល​ឡើយ ! ​ក្នុង​នាម​ជា​ប្រទេស​ផលិត​ស្រា​ដ៏​ល្បីល្បាញ និង​មានវប្បធម៌​ស្រា​ដ៏​ចំណាស់​នោះ ក្រុមLobby និង​ក្រុម​អ្នក​ឧស្សាហកម្មផលិត​​ស្រាទំពាំងបាយជូរ​បារាំង​ មាន​ឥទ្ធិពល​​ខ្លាំង​ណាស់ ​លើ​រដ្ឋាភិបាល​។ ​បណ្តាញ​សហគមន៍​អ្នក​ដាំ​ទំពាំងបាយជូរបារាំង បានគាំទ្រ​និងណែនាំ​ឱ្យ​ពល​រដ្ឋ​ទទួល​ទាន​សុរា​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​និង​សម​ហេតុផល ប៉ុន្តែ ប្រឆាំង​ដាច់​ខាត​នឹង​ការ​ផ្តួច​ផ្តើម​គំនិត​​​បង្កើត​ខែ​គ្មាន​ជាតិសុរា ដោយចាត់​ទុក​សំណើនេះ​ថា​ជា​គម្រោង​ជ្រុលនិយម ព្រោះ​​អ្វី​ដែល​អាក្រក់​និង​បំផ្លាញ​សុខភាព គឺការ​ទទួល​ទាន​ស្រា​ជ្រុល​ហួស​ហេតុ​ទេ។

​គ្មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល យុទ្ធនាការ​ “ផ្អាក​ជាតិ​សុរាមួយខែ” មិន​សូវ​ហ៊ឹកហ៊ាក់ មិន​សូវមាន​ទម្ងន់​និង​ថាមពលខ្លាំង​មែន ប៉ុន្តែ​សមាគមអ្នក​គាំទ្រ​ផែនការ​នេះ​ចំនួន​ជាង​២០សមាគម មិន​ដក​ថយ​ទេ។ យុទ្ធនាការ “មករា​ខែ​គ្មាន​ជាតិ​សុរាសោះ” នឹង​ប្រារព្វ​ធ្វើ​ តាម​គំរូ​និង​ទន្ទឹម​ពេល​ជាមួយ​អង់គ្លេសដដែល ​ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធ័រនែត (www.dryjanuary.fr) និង​តាម​​ប្រព័ន្ធសង្គម​ផ្សេងៗ។

តើ​ការ​ផ្អាក​ទទួល​ទាន​សុរា ផ្តល់​គុណប្រយោជន៍​យ៉ាងណា ?

យុទ្ធនាការ​ Dry January ឬ “មករា​ស្ងួត” បាន​​ផ្តួចផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៣​មកនៅ​អង់គ្លេស ដោយ​សមាគម Alcohol Change UK ក្នុង​បំណង​ជួយ​ជំរុញ​អ្នក​ដែល​ចូល​ចិត្ត​ផឹក​ស្រា​ច្រើនជ្រុល និងជា​ប្រចាំ​ ឱ្យ​តាំង​ចិត្តដើរ​ផ្លូវល្អ ឈប់​​ទទួល​ទាន​ស្រា​សោះ​ ក្នុង​រយៈ​ពេល​៣១​ថ្ងៃ ក្រោយ​ពីបាន​​រីករាយ​អបអរ​ជប់លៀង​ស៊ីផឹកសប្បាយបុណ្យ​​ឆ្លង​ឆ្នាំ​រួច ព្រោះ​ជា​រៀងរាល់​ម៉ោង មាន​ពលរដ្ឋ​អង់គ្លេស​ម្នាក់​បាន​ស្លាប់ ដោយ​សុរា​។ ជិត​១០​លាន​នាក់ ផឹក​ស្រា​ជា​ប្រចាំ​​រាល់​ថ្ងៃ​លើ​សកំរិត​សណ្តោស​សុខភាព។ កម្មវត្ថុ​នៃ​​យុទ្ធនាការ​នេះ គឺ​ចង់​​ឱ្យអ្នក​ផឹក​ បន្ថយ​ការទទួល​ទាន​ស្រា​ និង​ចាប់​ពិចារណា​​អំពីកំរិត​នៃ​​ការ​ញៀន​ស្រា​ឬអត់​របស់​ខ្លួន និង​ជា​ឱកាស​ផ្តល់​សារ​អំពី​គុណប្រយោជន៍​ដ៏​ល្អ​ប្រពៃ​​នៃការ​ផ្អាក​ឈប់​ផឹក​សុរា​សោះ​ រយៈ​ពេល​មួយ​ខែ​ ចំពោះ​សុខភាព។ គ្មាន​អ្វី​ស្មុគស្មាញ​សោះ​ ! ដើម្បី​បាន​ដឹង​អំពី​គុណប្រយោជន៍​នៃ​ការ​ផ្អាក​មិន​ទទួល​ទាន​សុរា​សោះ​ក្នុង​រយៈ​ពេល​មួយ​ខែ គេ​គ្រាន់​តែ​ក្រលេក​មើល​ប្រទេស​ជិត​ខាង​ ក៏អាច​ដឹង​បាន​ដែរ។ មានទិវា “Dry January” មាន​អនុវត្ត ​នៅ​អឺរ៉ុប​ ក្នុង​ប្រទេស​ចំនួន​ ១៤​ប្រទេស ផ្តើម​ដំបូង​ដោយ​អង់គ្លេស ប៊ែលហ្សិក និង​ហ្វាំងឡង់ ដែល​ជាប់​ជា​ជើង​ឯងសុរា​ផង នៅឆ្នាំ​២០០៤។

គុណ​ប្រយោជន៍​នៃ​ការ​ផ្អាក​មិន​ទទួល​ទាន​ជាតិ​ស្រវឹង​សោះ​ក្នុង​រយៈ​ពេល​មួយ​ខែ បាន​ទទួល​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ ជាមួយ​​លទ្ធផល​ និងទិន្នន័យ យ៉ាង​​ច្បាស់​លាស់។ ផល​ល្អ​ចំពោះ​សុខភាព​ត្រូវ​បាន​មើល​ឃើញ​ដោយ​ជាក់​ស្តែង។ បើ​តាម​ទិន្នន័យ​ប្រសូត​ចេញ​ពី​ការ​សិក្សា​របស់សកល​វិទ្យាល័យSussex ​អង់គ្លេស​ បោះផ្សាយ​នៅ​ថ្ងៃទី ២មករា ឆ្នាំ​២០១៨ គុណប្រយោជន៍​ជាក់ស្តែង ក្នុង​រយៈ​ពេល​ខ្លី ​​ផុ្តល់​ការ​ផ្អាក​ទទួល​ទាន​ជាតិ​សុរា មាន​៦​យ៉ាង​។

បើ​អាច​បញ្ឈប់​មិន​ទទួល​ទាន​ជាតិ​សុរា​ សូម្បី​តែមួយ​ដំណាក់​ក៏​គ្មាន​រយៈ​ពេល​៣១​ថ្ងៃ​ នោះ​អ្នក​នឹង​ មាន​ដំណេក​ប្រសើរ​ជាង​មុន សន្សំ​ថវិកា មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ជាង​មុន មាន​ថាមពល​ ស្រក​គីឡូ និង​ផ្ចង់​គំនិត​បាន​ប្រសើរ​ឡើង។ គេ​សម្គាល់​ឃើញ​ឥទ្ធិពល​វិជ្ជមាន​កើត​មាន​ចំពោះ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី Dry January ៥៨% បាន​ស្រក​ទម្ងន់ ៧១%​ មាន​ដំណេក​ប្រសើរ​ជាង​មុន និង​៨០% អាច​គ្រប់គ្រង​ចំណង់​ទទួល​ទាន​សុរា​បាន។ អត់​ផឹក​តែ​មួយ​ខែពេញ ​អាច​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ដល់​៨​ខែ​ ជាពិសេស​សម្រាប់​អ្នក​ផឹក​ច្រើន​ (ប្រមឹក) ​។

គុណប្រយោជន៍​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ជំនាញ​ផ្នែក​អាល់កុល​វិទ្យា​បារាំង។ អ្នកស្រី ក្លូត រាំបូ អនុប្រធាន​សមាគមដើម្បី​​សុខភាព​បារាំង ដែល​ជាសមាគ​ផ្តួចផ្តើម​រៀប​បំ​​ទិវា​មករា​គ្មាន​ជាតិ​សុរានេះ ​បាន​ពន្យល់អំពី​គុណប្រយោជន៍​នៃ​ការ​ផ្អាក​ជាតិ​សុរា ដូច្នេះ​ដែរថា

“ផ្អាក​ទទួល​ជាតិ​អាល់កុលនឹង​ជួយ​ឱ្យ​យើង​បាន​យល់​

អំពីទំនាក់ទំនង​របស់​យើង​ជាមួយ​អាល់កុល

អំពីការ​ទទួល​ទាន​ជាតិ​សុរារបស់​យើង តើរាល់​ថ្ងៃ​យើង​រស់​នៅ​រំពឹង​លើ​សុរា​ប៉ុណ្ណា

នឹង​ជួយ​ឱ្យ​អាច​គ្រប់គ្រង​ការ​ទទួល​ជាតិសុរា​របស់​យើង។

ឥទ្ធិពល​ល្អ​ មើល​ឃើញ​ភ្លាមៗ ក្នុង​ពេល​ដ៏​ខ្លី​ គឺ​ ​គុណភាព​ដំណេក​ប្រសើរ​ឡើង ស្រក​ទម្ងន់ គួរ​ឱ្យ​កត់​សម្គាល់ និង​ចុងក្រោយ គឺ​ឥទ្ធិពល​ចំពោះ​កាបូប​លុយ​ ដែល​យើង​មិន​ត្រូវ​ភ្លេចទេ។”

គុណប្រយោជន៍​នៃ​ការ​ផ្អាក​មិន​ទទួល​ទាន​សុរា មិន​កំរិត​ត្រឹម​៦​ចំណុច​ខាង​លើ​នេះ​ទេ។ ឥទ្ធិពល​ល្អ ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​​មាន​សម្រាប់​រយៈ​ពេល​មធ្យម​និងរយៈ​ពេល​វែង​ទៅ​មុខទៀត។ ផ្អាក​ការ​ទទួលទាន​ជាតិ​អាល់កុល មានឥទ្ធិពល​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​និង​ចាត់​ចែង​ការ​បរិភោគ​អាល់កុល​ មាន​ន័យ​ថា​ បន្ទាប់​ពី​បានចូល​រួម​ប្រារព្ធ​ទិវា​​ផ្អាក​មិន​ទទួល​ទាន​ស្រា​រយៈ​ពេល​មួយ​ខែ អ្នក​ចូលរួម​រូប​នោះ​នឹង​កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា បាន​មួយ​ថ្ងៃ​ក្នុង​មួយសប្តាហ៍ និង​ទទួល​ទាន​ តិច​ជាង​មុន​ចំនួន មួយ នៅរាល់​ពេល​មាន​ឱកាស​ផឹក​ស្រា​​លើក​ក្រោយៗ។ អ្នក​ដែល​បាន​សម្រេច​ចូល​រួម​ក្នុង​​យុទ្ធនាការ​ មករា​គ្មាន​សុរា រួច​ លែង​សូវ​មាន​​ចង់ផឹក​ស្រា​​ដើម្បី​លំហែ​អារម្មណ៍​ បំបាត់​ទុក្ខ​ទៀត​ហើយ។

ផ្អាក​តែ​មួយ​ខែ គ្រប់​គ្រាន់​នឹង​បង្ហាញ​ឱ្យ​ឃើញ​អំពី​ផល​ល្អ​នៃ​ទស្សនៈ​គ្មាន​សុរា និង​សុខភាព​ហើយ។ បន្ថយ​​ ឬ​បញ្ឈប់​​ការ​ទទួល​ទាន​ជាតិ​សុរា ក៏​អាច​ផ្តល់​ផល​ល្អ​ ដល់​សម្ពាធ​ឈាម និង​ដំណើរ​ការ​ផ្លូវ​ភេទ​ទៀត។ បើ​តាមការ​សិក្សា​របស់​អង់គ្លេស អ្នក​ដែល​បាន​ចូល​រួម​ដក​ពិសោធ​ន៍​ការ​ផ្អាក​សុរា​ពេញ​មួយ​មករា ជាង​ពាក់​កណ្តាល​បាន​សង្កេត​ឃើញ​អំពី​ផល​ល្អ​ នៃ​គុណភាព​ស្បែក ព្រោះ​សុរា ឬ​អាល់កុល ជា​ភេសជ្ជៈដែល​មាន​សកម្មភាព​ចម្រោះ​ជាតិ​ទឹក (នាំ​ឱ្យ​បត់​ជើង​តូច​ច្រើន) និង​អាច​សម្រួល​ឱ្យ​ស្បែក​ស្រអាប់ បាត់​បង់​ភាព​យឺត (ធ្វើ​ឱ្យ​ស្បែក​ឆាប់​ជ្រួញ) ​ដក់ក្រោម​ភ្នែក​។ ភេសជ្ជៈ​អាល់កុល​មាន​ផ្ទុក​កាឡូលី​ច្រើន (៧ ក្នុង​មួយ​ក្រាម​អាល់កុល) នៅ​ពេល​យើ​ង​ទទួល​ទាន​ស្រា ជាតិ​ស្ករ​ និងអាំងស៊ុយលីន​ កើន​ឡើង​ខ្ពស់​ដល់​កំពូល។ បើ​នៅ​ពេល​ទទួល​ទាន​ជាប់​គ្នា ជា​ប្រចាំ​យូរៗ​ទៅ ​សុរា​នឹង​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ខ្លួន​យើង​មាន​ភាព​ស៊ាំ​នឹង​ជាតិ​អាំងស៊ុយលីន ដែល​ជា​តំណាង​កត្តា​ហានិភ័យ​មួយ​នាំ​ឱ្យ​ថ្លើម​មាន​ជំងឺ​ ខ្លាញ់​រុំ​ថ្លើម៕

លោក​អ្នក​អាច​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី តាម​រយៈ​ប្រព័ន្ធ​អ៊ីនធ័រនែត (www.dryjanuary.fr) ឬ​ប្រើ​កម្មវិធី​ក្នុង​ទ័រស័ព្ទ​ដៃ ដើម្បី​បាន​ទទួល​បន្ថែម​បើ​ចង់​ចូល​រួម​ផ្អាក​ទទួល​ទាន​សុរា​​នៅ​ខែ​មករានេះ៕ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា