វិធីសាស្រ្តបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំក្នុងរាង្គកាយ ប្រឆាំងនឹងវីរុសកូវីដ១៩ (COVID-19)
ដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលទូទាំងពិភពលោក ដែលជាហេតុធ្វើឲ្យបណ្តាល ប្រទេសនៅលើពិភពលោក មានក្តីកង្វល់ជាខ្លាំងចំពោះវីរុសនេះ កង្វល់ត្រង់ថាវីរុសនេះបានធ្វើឲ្យមនុស្សលើពិភពលោកបន្តស្លាប់ជារឿងរាល់ថ្ងៃ។
ជាការពិតណាស់ ការយកចិត្តទុកដាក់ទៅលើវីរុសនេះពិតជារឿងសំខាន់ ហេតុនេះហើយការទទួលទានរបបអាហារ និងរបៀបរស់នៅ ឲ្យបានត្រឹមត្រូវ គឺពិតជាសំខាន់នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ។
ដូច្នេះមានវិធីសាស្រ្តជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីការពារប្រព័ន្ធភាពស៊ាំនៅក្នុងរាង្គកាយរបស់អ្នកប្រឆាំងនឹងជម្ងឺនេះដូចជា៖
១. ការញ៉ាំអាហារចម្រុះមុខ
ការទទួលរបបអាហារឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់ណាស់ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាង្គកាយ និងជួយរក្សារាង្គកាយឲ្យមានតុល្យភាព។ អាហារទាំងនោះមានដូចជា ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ គ្រាប់រុក្ខជាតិ ទឹក ទឹកដោះគោ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃជាដើម។
អាហារទាំងនេះសុទ្ធតែអាចជួយទ្រទ្រង់សុខភាពឲ្យមានប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ មិនឆ្លងមេរោគ និងមិនងាយទន់ខ្សោយឡើយ។ បន្ថែមពីនេះសូមចំអិនអាហារឲ្យបានឆ្អិនល្អ ជៀសវាងឆ្លងមេរោគ។
២. គេងឲ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់ដើម្បីការពារប្រព័ន្ធភាពស៊ាំក្នុងរាង្គកាយ ឲ្យមានកម្លាំងមាំមួន ជៀសផុតពីជម្ងឺផ្សេងៗ។ បែបនេះ អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយឲ្យបានទៀងទាត់ ទើបមានកម្លាំង និងមានអារម្មណ៍ស្រស់ថ្លា។
ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់ការផលិតកោសិកាភាពស៊ាំ និងធ្វើឲ្យងាយនឹងឆ្លងមេរោគ។
ដើម្បីបង្កើនប្រសិទ្ធភាពដំណេកចូរជៀសវាងទទួលទានកាហ្វេអ៊ីន ភេសជ្ជ:មានជាតិអាល់កុល និងជាតិនីកូទីន ជាពិសេសនៅម៉ោងជិតនឹងចូលគេង។ សូមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ប៉ុន្តែជៀសវាងការធ្វើលំហាត់ប្រាណនៅពេលជិតចូលគេង។
បន្ថែមពីនេះអ្នកអាច ងូតទឹកក្តៅឧណ្ណៗ មុនពេលចូលគេង។ ត្រូវកំណត់ពេលវេលាធ្វើការ និងពេលសំរាកឲ្យបានត្រឹមត្រូវ។ កុំគិតខ្វល់ខ្វាយច្រើនពេក ព្រោះបើអ្នកគិតច្រើនពេកអាចបណ្តាលអោយសុខាភាពចុះខ្សោយងាយនឹងឆាប់ឈឺ។
៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ
បើមិនមានការចាំបាច់ អ្នកមិនត្រូវចេញទៅក្រៅ ឬទីកន្លែងណាដែលមានមនុស្សច្រើននោះទេ នៅផ្ទះមានសុវត្ថិភាពជាងទីណាៗទាំងអស់ អ្នកក៏អាចធ្វើការតាម Online ពីផ្ទះបានដែរ។ អ្នកអាចធ្វើលំហាត់ប្រាណនៅផ្ទះ អាចជាការធ្វើសមាធិ Yoga ជាដើម។
៤. ការគ្រប់គ្រងស្ត្រេស
ការគ្រប់គ្រងស្ត្រេស គឺជារឿងសំខាន់ដើម្បីកុំឲ្យអ្នកគិតច្រើនពេក។ កាលណាអ្នកគិតច្រើនពេកអាចបង្ករផលប៉ះពាល់ដល់សុខាភាព។ ដើម្បីកាត់បន្ថយភាពតានតឹងអ្នកត្រូវមានពេលវេលាដើម្បីសម្រាក។ វាអាចជួយកាត់បន្ថយអាការៈស្ត្រេសបានផងដែរ។ បន្ថែមពីនេះអ្នកអាចធ្វើសមាធិ គឺជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយអារម្មណ៍តានតឹង៕
ប្រភព៖ verywellfit ដោយ៖ ជា បញ្ញា