ម្ចាស់គ្រឹះស្ថានសិក្សាឯកជនស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល

លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group (WEG) បានសម្តែងក្តីព្រួយបារម្ភចំពោះវិនិយោគិនលើវិស័យអប់រំឯកជន ដែលកំពុងមានកាតព្វកិច្ចដោះស្រាយបញ្ហាប្រឈមជាច្រើននៅក្នុងពេលនេះ។

 
ម្ចាស់គ្រឹះស្ថានសិក្សាឯកជនស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល
Photo Credit: Forward KH

ភ្នំពេញ៖ លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Westline Education Group (WEG) បានសម្តែង​ក្តី​ព្រួយបារម្ភ​​ចំពោះ​វិនិយោគិន​លើ​វិស័យ​អប់រំ​ឯកជន ដែល​កំពុងមាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​ពេលនេះ​។ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ប៉ិច បូឡែន រសៀលថ្ងៃទី៣១ មីនា ២០២០ មុននេះបន្តិចបានលើកឡើងយ៉ាងដូច្នេះថា៖

នៅ​អំឡុងពេល​សម្រាក​វិស្សមកាល​តូច​នេះ គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់​បាន និង​កំពុង​ប្រឹងប្រែង​បន្តរ​ការបង្រៀន​ពី​ចម្ងាយ​ជូន​សិស្ស និង​និស្សិត​ទាំងអស់​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​មាន​។ គ្រឹះស្ថាន​អប់រំ​ស្ទើរ​ទាំងអស់ ជាពិសេស​គ្រឹះស្ថាន​ដែល​ទទួល​ថ្លៃ​សិក្សា​ប្រចាំខែ និង​ត្រីមាស​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​លើ​ការបើកប្រាក់​ឈ្នួល​ជូន​បុគ្គលិក គ្រូបង្រៀន ថ្លៃឈ្នួល​អគារ និង​កាតព្វកិច្ច​ចំណាយ​ផ្សេងៗ​ទៀត​។​

​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ដែល​បាន​អំពាវនាវ​អោយមាន​ការយល់​យោគ​ពី​ម្ចាស់​អគារ និង​បាន​អន្តរាគមន៍​គោលនយោបាយ​ជាច្រើន​ដល់​ធុរជន​កម្ពុជា​។ ពោលគឺ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​សុំឱ្យ​ម្ចាស់​អគារ​ទម្លាក់​តម្លៃ​ជួល​៥០​ភាគរយ ឬ​ពន្យា​ការបង់ថ្លៃ ក្នុង​បរិបទ​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​សូម​អរគុណ​ដល់​ក្រសួងសុខាភិបាល​ដែល​បាននិងកំពុង​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​សូម​អរគុណ​ដល់​ក្រសួង​អប់រំ​ដែល​បាន​ផ្តួចផ្តើម​ដំណើរការ ការគាំទ្រ​រៀន​ពី​ចម្ងាយ​ជូន​សិស្ស​ចំណេះ​ទូទៅ​ខ្មែរ​។​

​ដើម្បី​និរន្ត​ភាព​សាលារៀន ក៏ដូចជា​ស្ថេរភាព​ការងារ​បុគ្គលិក គ្រូបង្រៀន​តាម​គ្រឹះស្ថាន​អប់រំ​ឯកជន សូម​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពិចារណា​ចាត់​វិស័យ​អប់រំ​ឯកជន​ដែល​កំពុងផ្តល់​ការងារ​រាប់ម៉ឺន​នាក់ និង​ផ្តល់​ការសិក្សា​ដល់​សិស្ស និស្សិត​រាប់សែន​នេះ ជា​វិស័យ​អទិភាព​មួយ​ផង និង​សូម​ពិចារណា​ផ្តល់ជូន​យន្តការ​ពិសេស​មួយចំនួន ដូចខាងក្រោម​ជូន​គ្រឹះស្ថាន​អប់រំ​ឯកជន​៖

  1. រៀបចំ​ឥណទាន​ឡើងវិញ ឬ​ការផ្តល់​ឥណទាន​បន្ថែម​ដែលមាន​ភាពបត់បែន និង​យល់យោគ​មួយ​។​
  2. លើកលែង​ការបង់ប្រាក់​របប​បេឡា​សន្តិសុខ​សង្គម​រហូតដល់​ស្ថានភាព​ប្រសើរ​ជាថ្មី​។​
  3. ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​២០%​នៃ​ប្រាក់ខែ​អប្បបរមា​១៩០​ដុល្លារ​ដល់​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ដែល​អាចនឹងទទួល​រង​ផលប៉ះពាល់​ពី​ការកាត់បន្ថយ​បៀវត្ស ការព្យួរ​ការងារ ឬ​ការផ្អាក​សកម្មភាព​អាជីវកម្ម​។​
  4. ពន្យា​ពេល​ការរៀបចំ​សៀវភៅ​ការងារ​បុគ្គលិក​បរទេស​ក្នុងអំឡុង​ពេលនេះ​។​
  5. ផ្តល់ជូន​កញ្ចប់​ថវិកា​សមរម្យ​ណាមួយ​សម្រាប់​គ្រឹះស្ថាន​អប់រំ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វីដ​-១៩​សម្រាប់​ដំណើការ​គ្រឹះស្ថាន​ឡើងវិញ​។​
  6. សូម​ម្ចាស់​អគារ​ទាំងអស់​ដាក់ចិត្ត​យល់ និង​ស្វែ​ករក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​មួយ ជាមួយ​ម្ចាស់​អាជីវកម្ម​ក្នុងអំឡុង​ពេលនេះ​។​

​លោក ប៉ិច បូឡែន បានសង្កត់ធ្ងន់ថា “ខ្ញុំ​ជឿថា យើងទាំងអស់គ្នា រដ្ឋាភិបាល និង​ប្រជាជន វិស័យ​រដ្ឋ និង​ឯកជន សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និង​គ្រឹះស្ថាន​អប់រំ យើងទាំងអស់គ្នា​ជា​ប្រជាជន​ខ្មែរ​ពិតជា​អាច​យកជ័យ​ជម្នះ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​១៩​នេះ ហើយ​និង​អាច​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​ប្រទេស​យើង​អោយ​រីកចម្រើន​បន្ត​ដូច​ចិត្ត​យើង​ចង់បាន​ទាំងអស់គ្នា”​។​

​សូមរម្លឹកផងដែរថា សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា​បាន​ចូលរួម​១​ម៉ឺន​ដុល្លារ និង Westline Education Group ក៏បាន​ចូលរួម​១​ម៉ឺន​ដុល្លារ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​ក្នុង​យុទ្ធនា​ការបង្ការ ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩៕

ដោយ៖ CNGTV CAMBODIA