[COVID-19] អបអរសាទរ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ៩នាក់ និងរកឃើញករណីឆ្លងថ្មីតែ១នាក់ប៉ុណ្ណោះ ថ្ងៃទី០២ មេសា ២០២០
កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៩ករណី ខណៈរកឃើញអ្នកឆ្លងតែ១ករណីប៉ុណ្ណោះថ្ងៃទី០២ មេសា ២០២០។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០២ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៩ករណី ខណៈរកឃើញអ្នកឆ្លងតែ១ករណីប៉ុណ្ណោះ។
ករណីជាសះស្បើយទាំង៩នាក់ ក្នុងនោះជនជាតិខ្មែរ១នាក់នៅសៀមរាប ជនជាតិប៊ែលសហ្សិក១នាក់នៅរាជធានីភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។ ដោយឡែកអ្នកឆ្លងវីរុសកូវីដ១៩ថ្មី១ករណីនេះ កើតលើបរុសជនជាតិខ្មែរវ័យ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ។
គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី០២ មេសា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១១០នាក់ ដោយក្នុងនោះស្រី ៣០នាក់ និងប្រុស ៨០នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន៣៤នាក់ ក្នុងនោះមានជនជាតិខ្មែរ២១នាក់ និងជនបរទេស១៣នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៧៦នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
ដោយ៖ ចាប មិថុនា