រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។

 
រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅ សង្កាត់សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋាន ដ៏ទំនើប មួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

 

ពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានបើកការដ្ឋាន សាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយ ថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារ អាមេរិក ដែលថវិកា មួយភាគធំ ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន។

ជាមួយគ្នានោះ ក្នុងអំឡុកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណៈរដ្ឋចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលរដ្ឋាភិបាលចិន បានផ្តល់ជំនួយ ក្នុងការសាងសង់ ជូនដល់ប្រទេសកម្ពុជា ។

គួរដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ បានបើកការដ្ឋាន សាងសង់ផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកកម្ពុជា ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន គ្រាដែលមកទល់បច្ចុប្បន្ន សមិទ្ធផលដ៏មហាសាលនេះ បានសាងសង់រួចរាល់ ១០០% ហើយ។

សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន