ថ្ងៃនេះសាលារៀននៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកអស់រយ:ពេលជាច្រើនខែ
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលសាលារៀននៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកអស់រយ:ពេលជាច្រើនខែ។
នាព្រឹកថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញនូវគ្រឹះស្ថានអប់រំចំណេះដឹងទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ដែលជាថ្ងៃដំបូងនៃការបើកសាលារៀនឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ