ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) ដើម្បីពង្រីកកិច្ចសហការលើវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន
ទីស្ដីការក្រសួង៖ ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) ដឹកនាំដោយ លោកស្រី Margaux DUSART នាយិកាគ្រប់គ្រងក្រុមហ៊ុនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន និងបានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើនដែលក្រសួងបាន និងកំពុងយកចិត្តទុកដាក់អនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងវិស័យភស្ដុភារកម្មឱ្យមានការរីកចម្រើន ជាពិសេសរៀបចំគោលនយោបាយ និងផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។
ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងមួយចំនួនដែលក្រសួងកំពុងអនុវត្តរួមមាន៖ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ដែកនៅកម្ពុជា សកម្មភាពជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពិភាក្សាលើគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពតជាដើម ហើយជាមួយគ្នានេះគណៈប្រតិភូក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសហការវិនិយោគលើវិស័យកំពង់ផែ ការដឹកជញ្ជូន និងវិស័យភស្តុភារកម្មផងដែរ។
ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការទទួលស្វាគមន៍ចំពោះគ្រប់គម្រោងវិនិយោគ ដែលក្រុមហ៊ុនមានបំណងសហការជាមួយក្រសួង ដើម្បីចូលរួមចំណែកឱ្យបានខ្លាំងក្លាក្នុងការជំរុញវិស័យដឹកជញ្ជូន និងភស្ដុភារកម្មឱ្យកាន់តែទំនើប និងមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន