សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។

 
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០។

 ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១។

ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ។

ដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ផងដែរ ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម៕