រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចលុបចោលកញ្ចប់ថវិកា ១.៨ពាន់លានដុល្លារ សម្រាប់មូលនិធិប្រឆាំងនឹងការប្រើប្រាស់អាវុធ
យោងតាមការចុះផ្សាយរបស់ Al Jazeera បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលកញ្ចប់ថវិកាដ៏មានតម្លៃរហូតដល់ ១.៨ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានប្រើដើម្បីបម្រុងទុកសម្រាប់ «មូលនិធិប្រឆាំងនឹងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុនិងពាណិជ្ជកម្មជាអាវុធ» ។
មូលនិធិទំហំ ១.៨ ពាន់លានដុល្លារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារ និងជួយជ្រោមជ្រែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់អាមេរិក ពីការគាបសង្កត់ ឬការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចធ្វើជាឧបករណ៍យុទ្ធសាស្ត្រវាយប្រហារពីសំណាក់ប្រទេសដទៃ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចលុបចោលវិញភ្លាមៗពីរដ្ឋបាលលោក ត្រាំ នៅពេលនេះ ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរទិសដៅថវិកាជាតិយ៉ាងគំហុក។តាមផែនការដើម ថវិកានេះនឹងត្រូវយកទៅបែងចែកជាប្រាក់សំណងដល់ជនណា ដែលចាត់ទុកខ្លួនឯងថាជា «ជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់» ពីសំណាក់រដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន ប៉ុន្តែវាត្រូវបានគណបក្សប្រឆាំងហៅថាជា «កញ្ចប់ថវិកាឃ្លាំងសម្ងាត់ខុសច្បាប់»
ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវិភាគថា វិធានការដកថវិកាចេញពីមូលនិធិនេះ អាចធ្វើឡើងដើម្បីតម្រង់ទិសដៅសាច់ប្រាក់ទៅលើអាទិភាពផ្ទៃក្នុងប្រទេសផ្សេងទៀត ស្របពេលដែលលោក ត្រាំ ទើបតែបានចុះហត្ថលេខាលើការកែសម្រួលពន្ធគយលើលោហៈធាតុនាំចូល។ ប៉ុន្តែ ទន្ទឹមនឹងនេះ វាក៏អាចបង្កើតជាក្តីបារម្ភថ្មីដល់ស្ថិរភាពពាណិជ្ជកម្មអន្តរជាតិ ខណៈដែលទីផ្សារសកលលោកកំពុងមានភាពប្រែប្រួលខ្លាំងដោយសារជម្លោះភូមិសាស្ត្រនយោបាយ៕
ប្រភព៖Al Jazeera


















