ប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២។

 
ប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន

 

នៅក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួនដែលរដ្ឋមន្រ្តីការបរទេសអាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការអនុវត្តន៍ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការ បានឯកភាពគ្នាថា ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ ដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និង ត្រៀមរៀបចំសម្រាប់វិបត្តិសុខភាពនាពេលអនាគត។

 

អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ខណៈដែលមានការទទួលស្គាល់នូវការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន។ បន្ថែមពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការ ក៏បានឆ្លៀតឱកាសពិភាក្សាអំពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន និងបានឯកភាពគ្នាឱ្យក្រុមការងារកម្រិតខ្ពស់ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន ធ្វើការពិភាក្សាអំពីធាតុស្នូល និងផ្លូវឆ្ពោះទៅមុខ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអគ្គលេខាធិការ ក៏បាន ពិភាក្សាអំពីតួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មាន ប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនា ដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន ផងដែរ។

ចំពោះដំណើរឆ្ពោះទៅមុខ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្តល់ដោយលេខាធិការដ្ឋានអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២នេះ ទទួល បានជោគជ័យត្រចេះត្រចង់៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន