មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋ មុននឹងទិញឱសថ Molnupiravir ព្យាបាលជំងឺ កូវីដ១៩ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះឱសថក្លែងក្លាយ

MC៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋមុននឹងទិញឱសថ Molnupiravir ព្យាបាលជំងឺ កូវីដ១៩ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះឱសថក្លែងក្លាយ ឬឱសថគ្មានលេខបញ្ជីកា ពីក្រសួង សុខាភិបាល ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ ខណៈដែលបច្នុប្បន្ន មានការចែកចាយឱសថនេះយ៉ាងច្រើននៅលើទីផ្សារ។

 
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋ មុននឹងទិញឱសថ Molnupiravir ព្យាបាលជំងឺ កូវីដ១៩ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះឱសថក្លែងក្លាយ

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា មួយរយៈចុង ក្រោយនេះ តាមការសង្កេតរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋមួយចំនួន ជ្រួលច្របល់ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravi ដែលធ្វើឱ្យជនឆ្លៀតឱកាស បានចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិបាល កំពុងចរាចរនៅលើទីផ្សារ។ ដូច្នោះលោកជំទាវ អំពាវនាវប្រជាពលរដ្ឋ ទាំងអស់ នៅពេលដែលទិញឱសថនេះយកទៅប្រើប្រាស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លេខទិដ្ឋាការ ឬបញ្ជិកាដែលមានការទទួល ស្គាល់ពីក្រសួងសុខាភិបាល ពីព្រោះឱសថក្លែងក្លាយ និងគ្មានលេខបញ្ជិកា គឺមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និង សុវត្ថិភាពបានឡើយ ហើយអាចបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

« សូមប្រជាពលរដ្ឋយើងទាំងអស់ទិញឬប្រើប្រាស់តែឱសថព្យាបាលជំងឺកូវីដ១៩ណា ដែលមានចុះបញ្ជិកានៅក្រសួង សុខាភិបាល ដោយពិនិត្យនៅលើប្រអប់ថ្នាំ ដោយមានបិទលេខបញ្ជិកាត្រឹមត្រូវ។ ព្រោះក្រសួងសុខាភិបាលបានតាមដានប្រភេទឱសថគ្មានបញ្ជិកា ដោយដាក់លក់នៅលើទីផ្សារ ហើយក៏បានជូនព័ត៌មានស្ដីពីការ ហាមប្រើប្រាស់ នៅមុខឱសថដែលខុសច្បាប់ទាំងនោះផងដែរ។ ហើយបច្ចុប្បន្ននេះមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងសុខាភិបាល ក៏កំពុង អធិការកិច្ចត្រួតពិនិត្យការងារទាំងអស់នេះនៅតាមទីតាំងដាក់លក់និងផ្សព្វផ្សាយឱសថមិនមានច្បាប់ទម្លាប់ ហើយនឹង ឈានទៅរកការអនុវត្តន៍ច្បាប់ជាធរមានផងដែរ។»

លោកជំទាវក៏បានស្នើឱ្យអ្នកទទួលខុសត្រូវ និងម្ចាស់ឱសថស្ថាននានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា លើការធ្វើអាជីវកម្មលក់ដូរឱសថ គ្រឿងសម្អាង និងគ្រឿងបរិក្ខារពេទ្យរបស់ខ្លួន ដោយមិនត្រូវឆ្លៀត កេងចំណេញច្រើនហួសហេតុពេក ដោយដំឡើងថ្លៃមុខឱសថ និងបរិក្ខារសម្រាប់ការការពារនិងព្យាបាលជំងឺកូវីដ១៩នោះ។ អ្នកដែល ប្រព្រឹត្តល្មើសនឹងច្បាប់គ្រប់គ្រងឱសថ របស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវទទួលទោសតាមច្បាប់ ដែលមាន ជាធរមាន។ ដោយឡែកអ្នកដែលផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនូវឱសថព្យាបាលជំងឺកូវីដ ឬបរិក្ខារពេទ្យនានាពាក់ព័ន្ធ ក្រសួងសុខាភិបាលសូមស្នើសុំកិច្ចសហការ និងការដាក់ចេញនូវវិធានការពីក្រសួងជំនាញពាក់ព័ន្ធមានសមត្ថកិច្ច សូមជួយទប់ស្កាត់ ការផ្សាយបែបអនាធិបតេយ្យ នូវផលិតផលទាំងនេះតាមប្រព័ន្ធអនឡាញ ដើម្បីរួមគ្នាទប់ស្កាត់ទង្វើអសកម្មនានា ដែលប៉ះពាល់ ដល់ការងារគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចាត់វិធានការឱ្យមានប្រសិទ្ធភាព ខ្ពស់ ព្រោះពេលនេះ គឺជាពេលដែលយើងទាំងអស់គ្នា ត្រូវបន្តខិតខំរួមគ្នាធ្វើសកម្មភាពរៀងៗខ្លួន ដើម្បីការពារនិងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជា ដើម្បីសុខភាពលោកអ្នក និងក្រុមគ្រួសារ និងសហគមន៍ ចៀសផុតពីមហន្តរាយសុខភាព សាធារណៈ និងផលប៉ះពាល់នានាដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិ ទាំងមូលផងដែរ៕