តួនាទីរបស់ស្រ្តីក្នុងការចូលរួម និងការអភិវឌ្ឍ

ក្រៅពីមានតួនាទីជាម្តាយដ៏ល្អលើការងារគ្រប់គ្រង និងថែទាំក្រុមគ្រួសារ ស្រ្តីគឺជាដៃគូសហការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

 
តួនាទីរបស់ស្រ្តីក្នុងការចូលរួម និងការអភិវឌ្ឍ

ឆ្លងកាត់ការងារក្នុងពិភពអាជីវកម្ម លោកឧកញ៉ាសង្កេតឃើញថា ម្ចាស់អាជីវកម្មធនតូចនិងមធ្យមភាគច្រើនស្ត្រីជាអ្នកគ្រប់គ្រង និងដឹកនាំ ដូចជាការលក់ចាប់ហួយ ម្ហូបអាហារ សំលៀកបំពាក់ មុខរបរកសិកម្ម និងសម្ភារៈផ្សេងៗទៀត លើសពីនេះរួមទាំងការងារចាត់ចែងការចំណាយផ្សេងៗក្នុងក្រុមគ្រួសារផងដែរ។ លោកបញ្ជាក់ទៀតថា ជាក់ស្តែងនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានបុគ្គលិកជាស្ត្រីជិត៧០ភាគរយបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងអភិវឌ្ឍសាលារៀន។

ចំពោះសមាសភាពរវាងបុរស និងស្រ្តីវិញ លោកឧកញ៉ាបានបន្តទៀតថា ក្នុងការបំពេញការងារនិងការសម្រេចចិត្តលើការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិគឺត្រូវទាមទារឲ្យមានការចូលរួមសហការពីស្រ្តីតាមរយៈសកម្មភាពចូលរួម និងការបញ្ចេញគំនិតយោបល់ ដើម្បីទទួលបានការសម្រេចចិត្តល្អមួយ។

លោកឧកញ៉ាបានលើកទឹកចិត្តដល់ស្ត្រីត្រូវមានចក្ខុវិស័យ និងគោលដៅដ៏ច្បាស់លាស់នៅពេលអនាគត ផ្តល់តម្លៃនិងអំណាច មានទំនុកចិត្តខ្ពស់និងមិនរើសអើងនឹងខ្លួនឯង បង្កើនភាពពេញលេញនិងគ្រប់ជ្រុងជ្រោយក្នុងការបំពេញកាតព្វកិច្ចការងារ អភិវឌ្ឍសមត្ថភាពនិងបង្ហាញពីសក្តានុពលខ្លួនឯង ដើម្បីទទួលបានឋានៈនិងតួនាទីក្នុងសង្គមបន្តទៀត។ 
 

សម្រាប់ទិសដៅរបស់ស្ថាប័នក្នុងការអភិវឌ្ឍស្រ្តី លោកឧកញ៉ានឹងពិភាក្សាស្វែងរកលទ្ធភាព ផ្តល់អាហាររូបករណ៍ដល់កុមារី យុវតី រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាដោយអញ្ជើញវាគ្មិនល្បីៗ ផ្នែកអាជីវកម្ម ឬវិស័យផ្សេងៗមកចែករំលែកបទពិសោធ និងចំណេះដឹង ដើម្បីកសាងភាពអង់អាច និងពង្រឹងសមត្ថភាពបុគ្គលិកស្រ្តីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕