អ៊ីរ៉ងអះអាងថាខ្លួនកំពុងឃ្លាំងមើលសកម្មភាពរបស់សហរដ្ឋអាមេរិក តែពុំចាប់ផ្តើមជម្លោះមុននោះឡើយ
ទីក្រុងឌូបៃ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាហ្សាន់ រូហានី បាននិយាយថា ទីក្រុងតេហេរ៉ង់ កំពុងតាមមើលសកម្មភាពរបស់សហរដ្ឋអាមេរិកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែអ៊ីរ៉ង់នឹងមិនមែនជាអ្នកចាប់ផ្ដើមជម្លោះនៅក្នុងតំបន់មុននោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក រូហានី បានអះអាងយ៉ាងដូច្នេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយព្រះមហាក្សត្រកាតា ព្រះអង្គ តាមីន ប៊ីន ហាម៉េត អាល់ ថានី ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងនាវាអាមេរិកកម្ចេចនាវាអ៊ីរ៉ង់ណាដែលបង្កការគម្រាមគំហែង និងគ្រោះថ្នាក់ដល់នាវាអាមេរិក។
សូមបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីងតោន និងតេហេរ៉ង បានផ្ទុះឡើងជាថ្មី បន្ទាប់ពីនាវាចម្បាំងចំនួន ១១គ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឡោមព័ទ្ធនាវាចម្បាំងអាមេរិកនៅតំបន់ឈូងសមុទ្រកាលពីដើមខែមេសាកន្លងទៅ ដោយសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា វាជាសកម្មភាពគ្រោះថ្នាក់ និងអាចបង្កបញ្ហា៕
ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា