[វីដេអូ] Ep. 92 ប្រធានបទ៖ ជំងឺឫសដូងបាតនៅលើស្ត្រីមានផ្ទៃពោះ
ជំងឺឫសដូងបាតទូទៅ គឺជាការរីកប៉ោងធំនៅនឹងសរសៃឈាមឫសដូងនៅជុំវិញឬនៅក្នុងរន្ធបាត ដែលភាគច្រើនវាស្តែងចេញនៅអាការៈមួយចំនួនដូចជា ការបន្ទោបង់មកមានឈាមក្រហមស្រស់ធ្លាក់មក មានហើមប៉ោងធំនៅតំបន់ជុំវិញរន្ធបាត មានលានដុំសាច់ចេញមកក្រៅ។
ប្រភេទជំងឺឫសដូងបាតមានពីរប្រភេទគឺ៖
- ជំងឺឫសដូងបាតខាងក្នុង: មានន័យថាគឺស្ថិតនៅក្នុងរន្ធបាត
- ជំងឺឫសដូងបាតខាងក្រៅ: មានន័យថាគឺស្ថិតនៅខាងក្រោមស្បែកនិងតំបន់ជុំវិញរន្ធបាត។
ទាក់ទងនិងជំងឺឫសដូងបាតនៅលើស្ត្រីមានផ្ទៃពោះ ក៏មិនខុសគ្នានិងជំងឺឫសដូងទូទៅនោះទេ ដោយសារវាជាការហើមប៉ោងនៅសរសៃឈាមឫសដូងបាតដូចគ្នា គ្រាន់តែភាគច្រើនគឺស្តែងចេញជាអាការៈឈឺហើមប៉ោងខ្លាំងនៅនឹងតំបន់ជុំវិញរន្ធបាតហើយច្រើនតែកើនៅលើត្រីមាសទីបីឡើងទៅ។
រោគសញ្ញាដែលអាចកត់សម្គាល់បានថា ស្ត្រីមានផ្ទៃពោះគាត់កំពុងមានបញ្ហាជំងឺឫសនេះគឺអាស្រ័យទៅលើប្រភេទជំងឺឫសដូងបាតដូងគ្នា ពីព្រោះជំងឺឫសដូងបាតមានពីរប្រភេទ អញ្ចឹងរោគសញ្ញាមានលក្ខណៈខុសគ្នាផងដែរ។
កត្តាដែលបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះមានបញ្ហាឫសដូងបាតគឺមានជាច្រើន ប៉ុន្តែកត្តាចម្បងគឺបញ្ហាទល់លាមក ដោយសារការទល់លាមកនៅពេលស្រ្តីមានផ្ទៃពោះខំប្រឹងបត់ជើងធំ គឺធ្វើឲ្យសម្ពាធឈាមនៅតំបន់ជុំវិញរន្ធបាតមានការកើនឡើង ហើយបណ្តាលអោយទៅជាជំងឺឫសដូងបាតតែម្ដង។
តាមការសិក្សាឃើញថាសឹងតែ ៥០% ទៅហើយនៃស្ត្រីមានផ្ទៃពោះ គឺគាត់ជួបនឹងបញ្ហាទល់លាមកហើយប្រឈមនឹងជំងឺឫសដូងបាត លើសពីនេះមានមូលហេតុផ្សេងៗទៀត ដូចជាបម្រែបម្រួលតំបន់អាងត្រគៀក ដោយសារតែស្បូនមានការរីកធំជាមួយការលូតលាស់របស់ទារកពីមួយថ្ងៃទៅមួយថ្ងៃមានទំហំកាន់តែធំឡើងៗ ដែលធ្វើឲ្យលំនាំនៃលំហូរឈាមមានផលប៉ះពាល់ធ្វើឲ្យសម្ពាធសរសៃឈាមនៅតំបន់ជុំវិញរន្ធបាតមានការកើនឡើងធ្វើឲ្យទៅជាជំងឺឫសដូងបាត។
ការព្យាបាលជំងឺឫសដូងបាត អ្វីដែលសំខាន់ជាងគេគឺការកែប្រែនៅទម្លាប់រស់នៅនិងទម្លាប់នៃការហូបចុក មិនថាតែស្រ្តីទេគឺមនុស្សទូទៅត្រូវបរិភោគទឹកឲ្យបានច្រើន២លីត្រក្នុងមួយថ្ងៃ សម្រាប់ការហូបចុកវិញាស្រ្តីមានផ្ទៃពោះគួរទទួលទានអាហារណាដែលសម្បូរជាតិសរសៃ មានដូចជាប្រភេទផ្លែឈើមួយចំនួន គឺ ល្ហុង ចេក ប៉ោម ។សម្រាប់បន្លែវិញគឺ ពពួកសណ្តែក ស្ពៃ គ្រាប់ធញ្ញជាតិ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖