[វីដេអូ] Ep.65 ប្រធានបទ៖ ជំងឺភ្នែកស្រលៀង
ជំងឺភ្នែកស្រលៀង ដែលប្រជាជនភាគច្រើនស្គាល់ថាជា ភ្នែកស្រឡែវ ឬភ្នែកកែង។ អ្នកជំងឺដែលមានប្រស្រីភ្នែកខ្មៅបែររកទិសខុសធម្មតា តាមសញ្ញាផ្សេងៗ រួមមានចូលក្នុង ឬចេញក្រៅ។ តើពួកគេអាចត្រឡប់មកសភាពធម្មតាបានដូចភ្នែកមនុស្សទូទៅដែរឬទេ? ចុះមានវិធីសាស្រ្ដអ្វីខ្លះដែលអាចព្យាបាលជំងឺមួយនេះបាន?
រោគសញ្ញា
ជាទូទៅរោគសញ្ញាចំពោះអ្នកជំងឺភ្នែកស្រលៀង អាចមើលឃើញដោយផ្ទាល់ក្នុងទម្រង់ដូចជា ៖
- ស្រលៀងភ្នែកចូលក្នុង ៖ ប្រស្រីភ្នែកទាំងសងខាងងាកចូលគ្នា ទៅរកច្រមុះ
- ស្រលៀងភ្នែកចេញក្រៅ ៖ ប្រស្រីភ្នែកម្ខាងត្រង់ តែម្ខាងទៀងងាកចេញឆ្ងាយពីច្រមុះ។
ជួនកាលអ្នកជំងឺខ្លួនឯងមិនបានដឹងពីអាការៈភ្នែកស្រលៀងរបស់ខ្លួនទេ តែភាគច្រើនគឺដោយការសង្កេតឃើញរបស់មនុស្សជុំវិញខ្លួន។ ចំពោះករណីមួយចំនួនតូចផ្សេងទៀត គឺអ្នកជំងឺមកធ្វើតេស្ដភ្នែកដោយចៃដន្យ ទើបគ្រូពេទ្យអាចពិនិត្យឃើញសញ្ញាភ្នែកស្រលៀងបាន។
កត្តាប្រឈម
ចំពោះអ្នកជំងឺស្រលៀងភ្នែកអាចប្រឈមនឹងកត្តាវិបត្តិ ២ គឺ ៖
- កត្តាផ្លូវចិត្ត ៖ កាលណាឃើញសភាពភ្នែករបស់ពួកគេខុសពីអ្នកដទៃ អ្នកជំងឺអាចនឹងមានអារម្មណ៍អន់ចិត្តចំពោះសម្រស់ខ្លួន ឬគ្មានភាពជឿជាក់ និងខ្លាចក្នុងការជួបជាមួយមនុស្សដទៃជាដើម។
- កត្តាគំហើញ ៖ ប្រសិនអ្នកជំងឺទុកភ្នែកស្រលៀងនេះកាន់តែយូរដោយមិនបានទទួលការព្យាបាល វានឹងធ្វើឲ្យភ្នែកកាន់តែពិបាកមើលឃើញ រហូតប្រែជាស្រវាំង ពិបាកផ្ដោតលើគំហើញផ្សេងៗ។
វិធីព្យាបាល
ដោយជំងឺភ្នែកស្រលៀងមានករណីខុសគ្នាទៅតាមប្រភេទ និងអាយុនៃអ្នកជំងឺ ដូចនេះការព្យាបាលក៏អាស្រ័យទៅតាមនោះដែរ។
- ភ្នែកស្រលៀងពីកំណើត ៖ ចំពោះទារកចាប់ពីកើត រហូតដល់អាយុ ៦ខែ ដែលមានភ្នែកស្រលៀង គឺត្រូវតែទទួលការវះកាត់ភ្លាមៗ ឲ្យបានមុនអាយុ ២ឆ្នាំ។
- ភ្នែកស្រលៀងដោយកត្តាលើសកម្លាំងសាច់ដុំភ្នែក (កម្រិតដឺក្រេវែនតាខ្ពស់) ៖ តម្រូវឲ្យប្រើវែនតាជំនួយ និងទទួលការតាមដានបន្តជាមួយគ្រូពេទ្យ ជា២ ដំណាក់កាល។ ប្រសិនបើរយៈពេលពី ៣ទៅ ៦ខែក្រោយ ភ្នែកអ្នកជំងឺត្រង់មកសភាពដើម នោះអ្នកជំងឺអាចមិនបន្ត ឬបន្តពាក់វែនតារហូតដល់ពេញវ័យ។ តែបើក្នុងករណីរយៈពេល ៦ខែបន្ទាប់ នៅតែគ្មានសញ្ញាកែប្រែអ្វី ដូចនេះអ្នកជំងឺត្រូវទទួលការវះកាត់ភ្នែកជំនួសវិញ។
ករណីម៉្យាងទៀតដែលបណ្ដាលមកពីជំងឺផ្សេងៗ គឺតម្រូវឲ្យអ្នកជំងឺធ្វើការព្យាបាលជំងឺឲ្យជាសិន ហើយប្រសិនបើនៅតែស្រលៀងភ្នែកទៀយ ទើបគេអាចទទួលការវះកាត់តាមក្រោយបាន។
វីធីសាស្រ្តការពារ
ចំពោះកុមារតូចៗ អាណាព្យាបាលគួរតែនាំមកជួបពិនិត្យជាមួយគ្រូពេទ្យ ក្នុងកំឡុងអាយុ ៦ខែ ទៅមួយឆ្នាំ ឬមុនពេលឈានដល់ ២ឆ្នាំ ដើម្បីប្រាកដថាគ្មានបញ្ហាណាមួយប៉ះពាល់ភ្នែករបស់ពួកគេឡើយ។ ព្រោះនៅចន្លោះរយៈពេលនេះកោសិកាភ្នែកមានការលូតលាស់ខ្លាំង ទើបការការពារ និងព្យាបាលឲ្យបានទាន់ពេលវេលាជាការចាំបាច់បំផុត។
សារដ៏មានសារៈប្រយោជន៍
អ្នកជំងឺភ្នែកស្រលៀងចាំបាច់ត្រូវរក្សាផ្លូវចិត្តឲ្យបានល្អ កុំអៀនខ្មាសក្នុងការជួប និងទទួលការព្យាបាលពីគ្រូពេទ្យ។ សម្រាប់ការព្យាបាលវិញ តម្រូវឲ្យអ្នកជំងឺមានការអត់ធ្មត់ ដោយកុំឆាប់បោះបង់។ផ្ទុយទៅវិញ គួរលើកទឹកចិត្តខ្លួនឯង ទទួលទានអាហារដែលល្អចំពោះសុខភាពភ្នែក រួមមានអាហារបៃតង ដែលសម្បូរសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់ជាដើម។