Dr.Talk Ep.36 ប្រធានបទ៖ ជំងឺរលាកសួតកុមារ
ជម្ងឺរលាកផ្លូវដង្ហើមភាគច្រើនកើតទៅលើក្មេងតូចៗដែលមានអាយុក្រោម២ឆ្នាំ។ចំណែកឯជម្ងឺរលាកសួតវិញក៍កើតចំពោះក្មេងអាយុច្រើនជាង២ឆ្នាំឡើងទៅ។ជម្ងឺនេះឆ្លងតាមរយ:ការប៉ះពាល់អ្នកជម្ងឺ ការក្អក កណ្តាស់ ជាដើម។
អាណាព្យាបាលអាចដឹងពីរោគសញ្ញារបស់កូនបានតាមរយ:ការស្តែងចេញនូវរោគសញ្ញាមួយចំនួនដូចជា ក្អក ក្តៅខ្លួន អស់កម្លាំង និងនៅពេលដែលគាត់គេង ឬ លេងពិបាកក្នុងការដកដង្ហើមធ្វើឲ្យឆ្អឹងជំនីផើតឡើងចុះជាដើម។ទាំងនេះគឺជារោគសញ្ញាដែលឪពុកម្តាយ ឬអាណាព្យាបាលចាប់អារម្មណ៍ថាកូនរបស់គាត់មានរោគសញ្ញាខុសពីធម្មតា ។
តើរោគសញ្ញារលាកសួតចំពោះកុមារកើតឡើងដោយពពួកមេរោគអ្វីខ្លះ?
រោគសញ្ញារលាកសួតចំពោះកុមារកើតឡើងពីពពួកបាត់តេរី ពពួកវិរុស ហ្វង់ហ្គី និងមួយទៀតគឺកម្រជួបគឺជាជម្ងឺរបេង។
នៅពេលដែលគ្រូពេទ្យបានដឹងអំពីមេរោគនេះ គ្រូពេទ្យងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យព្យាបាលទាន់ពេលវេលា។
ចំពោះករណីរលាកសួតធម្មតា មិនស្តែងចេញរោគសញ្ញា ហត់ ក្តៅខ្លួនខ្លាំង មិនពិបាកដកដង្ហើម អ្នកអាចទៅទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ ហើយអ្នកក៍អាចយកកូនមកសម្រាកនៅផ្ទះបានដែរ។ប៉ុន្តែប្រសិនបើករណីធ្ងន់ធ្ងរ ដូចជា កូនហត់ ពិបាកក្នុងការដកដង្ហើម ឡេះឡះ អស់កម្លាំងខ្លាំង និងក្តៅខ្លួនខ្លាំង អ្នកត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យដែលជិតបំផុតដើម្បីព្យាបាលឲ្យទាន់ពេល។
វិធីសាស្រ្តក្នុងការថែទាំ
ការព្រួយបារម្ភចំពោះក្មេងតូចនៅចន្លោះ ៦ខែទៅ ៦ឆ្នាំ គឺមានរោគសញ្ញាក្តៅប្រកាច់ ប្រសិនបើបង្ករដោយពពួកបាតេរី ធ្វើឲ្យក្តៅខ្លាំងខុសពីធម្មតា ហត់អស់កម្លាំងខុសពីធម្មតា ឪពុកម្តាយអាចឲ្យថ្នាំបញ្ចុះកម្តៅទៅកូនលើប ជូតកន្សែងត្រជាក់ ដើម្បីជៀសវាងការប្រកាច់ឬឡើងកម្តៅខ្លាំង។លើសពីនេះប្រសិនបើកូនមានរោគសញ្ញាដូចជាត្រជាក់ចុងដៃ ចុងជើង និង បបូរមាត់ស្វាយខុសពីធម្មតាអាណាព្យាបាលត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យដែលជិតបំផុតដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
សារដ៏មានប្រយោជន៍
១ ឪពុកម្តាយត្រូវយកកូនចាក់វ៉ាក់សាំងមួយចំនួន ដូចជា វ៉ាក់សាំងផ្តាសាយ
២ ការរស់នៅស្អាត បរិភោគអាហារប្រកបដោយអនាម័យ ដោយការលាងសម្អាតដៃ ការញុំាស្អាត និង ផឹកស្អាត
៣ បរិភោគអាហារប្រកបដោយតុល្យភាព ដូចជា អាហារដែលមានជីវជាតិ មានសារធាតុបំប៉នដើម្បីការពារជម្ងឺផ្សេងៗ
៤ ប្រសិនបើសង្ស័យថាកូនមានជម្ងឺរលាកសួត ឪពុកម្តាយត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យជាប្រញាប់។
ចំពោះអាហារសម្រាប់អ្នកជម្ងឺរលាកសួត មានដូចជា អាហារទន់ៗ បបរ ទឹកដូង អាហារងាយរលាយ ត្រីសាច់ដែលទន់ៗដូចជា ត្រីផាត់ សាច់ជ្រូកផាត់ ជាដើម៕