វេសឡាញ(WEG)ក្លាយជាក្រុមហ៊ុនមកពី SME ដែលគ្រោងនឹងបោះលក់មូលបត្រក្នុងការកៀរគរមូលនិធិ ដើម្បីពង្រីកបេសសកម្មអប់រំ
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) នឹងក្លាយជាក្រុមហ៊ុនមកពីសហគ្រាសធុនតូច និងមធ្យម (SME) ដែលគ្រោងនឹងបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជាក្នុងការកៀរគរមូលនិធិ ដើម្បីពង្រីកសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួនទៅកាន់មូលដ្ឋានខណ្ឌ ស្រុក រាជធានី និងក្រុងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “ ការរៀបចំខ្លួនសម្រាប់ការបោះផ្សាយលក់មូលបត្រសិទ្ធិជាសាធារណៈ” នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនរបស់លោកធ្លាប់បានឈ្នះពានក្នុងកម្មវិធីឧត្តមភាពលើកទី១ របស់និយ័តករមូលបត្រកម្ពុជាថា ជាក្រុមហ៊ុនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា (CSX) ហើយនឹងត្រៀមខ្លួនសម្រាប់កម្មវិធីឧត្តមភាពលើកទី២បន្តទៀត។
លោកឧកញ៉ាបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងត្រៀមខ្លួនបន្ថែមទៀតសំដៅធ្វើយ៉ាងណាពេលដែលបោះផ្សាយលក់មូលបត្រទៅទទួលបានការគាំទ្រពីវិនិយោគិនសាធារណៈនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកឧកញ៉ាថ្លែងថា៖ «តាមពិតទៅយើងបានរៀបចំខ្លួនរួចហើយ ប៉ុន្តែយើងត្រូវការពេលបន្តិចទៀត ដើម្បីធ្វើឱ្យក្រុមហ៊ុនយើងកាន់តែធំទៀត និងទទួលបានការទុកចិត្តកាន់តែច្រើនពីសាធារណៈជន។ យើងមានផែនការធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារកំណើននាពេលខាងមុខ»។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា វេសឡាញ (WEG) គឺជាក្រុមហ៊ុនមានសក្តានុពលមួយដែលបានត្រៀមខ្លួនក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើននាពេលខាងមុខនៅក្នុងគោលបំណងទាញយកមូលធនពីផ្សារមូលបត្រពង្រីកអាជីវកម្មរបស់ខ្លួន។
ឯកឧត្តមថ្លែងថា៖ «វេសឡាញចង់ធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុ ដោយសារតែធ្លាប់ទទួលការបណ្តាក់ទុនពីខាងក្រៅ ប៉ុន្តែគាត់ចង់ធ្វើពិពិធកម្មនៅប្រភពទុនពីផ្សារមូលបត្រ ដើម្បីបង្កើនទំនុកចិត្តដែលអាចអនុញ្ញាតឱ្យគាត់ចាប់ដៃគូកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍសាលារបស់គាត់»។
បើយោងតាមឯកឧត្តម ស៊ូ សុជាតិ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំអភិបាលកិច្ច និងបញ្ជីហិរញ្ញវត្ថុនានាឱ្យអនុលោមទៅតាមលក្ខខណ្ឌតម្រូវ។
បើតាមឧកញ៉ា ប៉ិច បូឡែន ទុនដែលក្រុមហ៊ុនលោកកៀរគរពីផ្សារមូលបត្រនេះនឹងយកទៅពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការពង្រីកសាលារៀន និងមជ្ឈមណ្ឌលវិជ្ជាជីវៈបន្ថែមទៀតតាមខណ្ឌស្រុក រាជធានី និងក្រុងនានាក្នុងប្រទេសកម្ពុជាសំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈកិច្ចសហការជាមួយក្រសួង អប់រំ យុជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងការផ្តល់ការអប់រំ និងជំនាញដែលមានស្តង់ដាល្អដល់ប្រជាពលរដ្ឋ។
លោកឧកញ៉ាបានបញ្ជាក់ថា៖ «មូលហេតុដែលយើងបោះផ្សាយមូលបត្រនេះគឺចង់ឱ្យសាធារណជន ជាពិសេសបងប្អូនដែលជាអាណាព្យាបាលសិស្សអាចមានសិទ្ធិកាន់កាប់ភាគហ៊ុនជាម្ចាស់នៅសាលាយើង និងយើងក៏មានលទ្ធភាពបន្ថែម ដើម្បីយកមូលនិធិនេះទៅពង្រីកអាជីវកម្មឱ្យកាន់តែធំបន្ថែមទៀត»។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ WEG បង្កើតឡើងដោយកូនខ្មែរក្រុមជាមិត្តវិទ្យាល័យ ក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ WEG មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១ ២០០នាក់៕