ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវដំណើរការទូទាត់ ឃ្យូអរកូត (QR Code ) ឆ្លងដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាមឃ្យូអរកូត ( QR Code ) ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ (ប្រាក់រៀល) ឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ ជាមួយនឹងប្រទេសសមាជិកអាស៊ានចំនួន ២ បន្ថែមទៀត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីមានការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា។ ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់ និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបណ្ឌិត បានបន្ថែមទៀតថា ឥឡូវនេះកម្ពុជា និងវៀតណាម រីករាយជាមួយនឹងការទូទាត់ប្រាក់តាម QR code បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។ អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគង ដោយគ្រាន់តែចុចលើមុខងារ ស្កែនឃ្យូអរ (QR) ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code) របស់អាជីវករវៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាមដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈ ខេអេចឃ្យូអរ ( KHQR ) ដោយបើកកម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់ធនាគារវៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា៕