មនុស្ស៣នាក់រងការចោទប្រកាន់ករណីសម្លាប់សន្តិសុខហាងដោយសាររឿងពាក់ម៉ាស់

ប្តីប្រពន្ធ និងកូនប្រុសម្នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើសន្តិសុខម្នាក់ដែលបានឃាត់កូនស្រីរបស់ខ្លួនមិនឲ្យចូលហាងលក់ទំនិញមួយឈ្មោះ Family Dollar នៅរដ្ឋ Michigan ពីព្រោះនាងមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។ នេះបើតាមសារព័ត៌មាន AP កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។

 
មនុស្ស៣នាក់រងការចោទប្រកាន់ករណីសម្លាប់សន្តិសុខហាងដោយសាររឿងពាក់ម៉ាស់

ជនជាប់ចោទទាំង៣នាក់ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើវិធានការរបស់អភិបាលរដ្ឋ មីឈីហ្គែន ដែលបានដាក់បទបញ្ជាតម្រូវឲ្យអតិថិជន និងបុគ្គលិកទាំងអស់ចាំបាច់ត្រូវតែពាក់ម៉ាស់ពេលចូលក្នុងហាងលក់ទំនិញផងដែរ។

សូមជម្រាបផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រុមអ្នកតវ៉ាជាច្រើនប្រដាប់ដោយកាំភ្លើងផងបានប្រមូលផ្តុំគ្នាទាមទារឲ្យមានការលើកលែងវិធានការរឹតបណ្តឹងពាក់ព័ន្ធនឹងវីរុសកូរ៉ូណា។ ក្រុមអ្នកតវ៉ាប្រដាប់ដោយកាំភ្លើង ដែលគេមានសិទ្ធិប្រើប្រាស់ក្នុងរដ្ឋនោះ បានទៅតវ៉ានៅព្រឹទ្ធសភា ដោយសមាជិកព្រឹទ្ធសភាទាំងនោះពាក់អាវការពារគ្រាប់កាំភ្លើង ដើម្បីសុវត្ថិភាពខ្លួនឯងផងដែរ។

ម្តាយរបស់ជនរងគ្រោះបានទទូចចង់ឲ្យមានយុត្តិធម៌សម្រាប់កូនប្រុសរបស់លោកស្រី។ លោកស្រីបានលើកឡើងថា រឿងនោះវាមិនធ្ងន់ធ្ងរដល់ថ្នាក់ផ្តាច់ជីវិតកូនប្រុសរបស់លោកស្រីនោះទេ។ លោកស្រីថា មនុស្សគ្រប់គ្នាគួរតែគោរពច្បាប់ ហើយថា កូនប្រុសលោកស្រីគ្រាន់តែធ្វើតាមបទបញ្ជា និងបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។

ចំណែកអភិបាលរដ្ឋមីឈីហ្គែនអ្នកស្រី Whitmer បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះឃាតកម្មនេះ។ លោកស្រីបានបញ្ជាក់ថា វិធានការដែលបានដាក់ ពិតជាសំខាន់ណាស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន៕

ប្រភព៖ AP  ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ