[វីដេអូ] គុណប្រយោជន៍ដ៏អស្ចារ្យ៧យ៉ាងបានមកពី ភេសជ្ជៈទឹកឃ្មុំក្រូចឆ្មា
អ្នកប្រហែលធ្លាប់បានលឺខ្លះៗមកហើយពីមុនមកអំពី “ទឹកឃ្មុំឆៅ ឬទឹកឃ្មុំសុទ្ធ"។ ទន្ទឹមនឹងនេះ មនុស្សមួយចំនួនក៏ទំនងមិនទាន់ស្គាល់ច្បាស់នៅឡើយទេថាតើគេសម្គាល់ ទឹកឃ្មុំឆៅ ឬទឹកឃ្មុំសុទ្ធ លើអ្វីខ្លះ។ ជាការពិតណាស់ ទឹកឃ្មុំឆៅ ឬទឹកឃ្មុំសុទ្ធ សម្តៅលើទឹកឃ្មុំដែលគេយកចេញពីសម្បុកឃ្មុំផ្ទាល់តែម្តង ដោយមិនទាន់ឆ្លងកាត់ការកែច្នៃ ឬលាយឡំបញ្ចូលសារធាតុអ្វីផ្សេងទៀត ជាពិសេសប្រភេទអង់ទីប៊ីយោទិច សាធាតុរសជាតិ ឬសារធាតុផ្អែមណាមួយ។
ជាទូទៅគេសង្កេតឃើញថា ទឹកឃ្មុំមួយចំនួនដែលកំពុងចរាចរលើទីផ្សារ ឆ្លងកាត់ដំណើរការជាច្រើនរាប់ចាប់តាំងពីប្រតិបត្តិការកម្តៅសម្លាប់មេរោគទៀតផង ដើម្បីបង្កើនទំនុកចិត្តសម្រាប់អតិថជន។ ពេលខ្លះទឹកឃ្មុំដែលគេយកមកលក់លើទីផ្សារ ក៏មានដែរ ដែលគេលាយជាមួយទឹកឃ្មុំមិនសូវមានគុណភាព និងថែមស្ករចូលជាដើម។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យបាត់បង់វីតាមីន សារធាតុខនិក អាស៊ីដអាមីណូ និងអង់ស៊ីម ដែលមាននៅក្នុងទឹកឃ្មុំ។ តាមការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថា ការកម្តៅសម្លាប់មេរោគ ធ្វើឲ្យបាត់បង់សារធាតុបំប៉ន់មួយចំនួន គុណប្រយោជន៍ និងគុណភាពរបស់ទឹកឃ្មុំ។
ដោយឡែកនិយាយអំពីក្រូចឆ្មាវិញ ក្រូចឆ្មា សម្បូរទៅដោយ វីតាមីន C និងអាស៊ីតស៊ីទ្រីក។ សារធាតុទាំងពីរនេះ ជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងបាក់តេរីនៅក្នុងខ្លួន។ ដោយសារក្រូចឆ្មាសម្បូរដោយអាស៊ីតស៊ីទ្រីកនេះហើយ ទើបគេយកវាទៅប្រើនៅក្នុងឧស្សាហកម្មគ្រឿងសំអាង ឱសថ និងធ្វើជាសាប៊ូជាដើម។
តើអ្នកដឹកទេ ថាតើនៅពេលគេយកទឹកឃ្មុំលាយជាមួយក្រូចឆ្មា ធ្វើជាភេសជ្ជៈទឹកឃ្មុំក្រូចឆ្មា មានគុណប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
ទី១៖ បន្សាបជាតិពុលក្នុងខ្លួន និងជួយសម្រកទម្ងន់
ទទួលទានទឹកឃ្មុំក្រូចឆ្មាជួយការពារខ្លួនអ្នកពីជាតិពុល និងបាក់តេរីផ្សេងៗដែលបង្កមេរោគ។ ការរស់នៅប្រចាំថ្ងៃរបស់យើង ពោលពេញដោយជាតិពុលចូលទៅក្នុងខ្លួន តាមរយៈសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ឬអាហារដែលយើងទទួលទានជាដើម។ ដូច្នេះ គុណសម្បត្តិរបស់ទឹកឃ្មុំក្រូចឆ្មាជួយប្រឆាំងនឹងបាក់តេរី និងបន្សាបជាតិពុលចេញពីរាងកាយ។ បន្ថែមពីនេះ កម្រិតមេតាប៉ូលីសដែលមាននៅក្នុងទឹកឃ្មុំក្រូចឆ្មាក៏ជួយសម្រកទម្ងន់បានរហ័សផងដែរ។
ទី២៖ បំបាត់មុនលើស្បែក
ទទួលទានទឹកឃ្មុំក្រូចឆ្មាជារៀងរាល់ព្រឹក ប្រៀបបានជាឱសថមួយ មានអត្ថប្រយោជន៍បំផុតព្យាបាលមុខមុន និងបញ្ហាស្បែក។ ក្រូចឆ្មាមានអត្ថប្រយោជន៍បណ្តេញជាតិប្រេងចេញពីស្បែក ខណៈអាស៊ីតស៊ីទ្រីកដែលមានក្នុងក្រូចឆ្មាដើរតួនាទីជាភ្នាក់ងារកម្ចាត់ស្រទាប់ស្បែកដែលមិនល្អ និងជួយកាត់បន្ថយកោសិកាស្បែកដែលស្លាប់ និងកោសិកាចាស់ៗដែលបង្កឲ្យស្ទះក្រពេញនៅនឹងស្បែក។
ចំណែកឯទឹកឃ្មុំវិញមានសារធាតុប្រឆាំងនឹងបាក់តេរីអាក្រក់នៅក្នុងថ្លើម ដែលជួយបន្សាបជាតិពុល ហើយសារធាតុមីក្រូក្នុងទឹកឃ្មុំជំរុញឲ្យស្បែកស្រល់ភ្លឺថ្លាក្មេងជាងវ័យ។
ទី៣៖ បង្កើនភាពស៊ាំ
គុណសម្បត្តិដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីបានពីទឹកឃ្មុំ ជួយបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ។ ទទួលទានទឹកឃ្មុំក្រូចឆ្មាឲ្យបានទៀងទាត់មួយកែវក្នុងមួយថ្ងៃនឹងជួយអ្នកចៀសផុតពីជំងឺផ្សេងៗ និងអាល្លែហ្ស៊ីជាដើម។
ទី៤៖ កាត់បន្ថយការឈឺបំពង់ក និងក្អក
គេប្រើទឹកឃ្មុំប្រើដើម្បីព្យាបាល ក្អក និងឈឺបំពង់ក។ បន្ថែមពីនេះទឹកឃ្មុំក៏ជួយឱ្យផ្លូវដង្ហើមដើរស្រួលផងដែរ។
ទី៥៖ បង្កើនថាមពល
សារធាតុអេឡិចត្រូលីតនៅក្នុងក្រូចឆ្មា និងសារធាតុមីក្រូនៅក្នុងទឹកឃ្មុំ បង្កើនថាមពល ក្រោយពេលដែលអ្នកបាត់បង់ជាតិទឹកក្នុងរាងកាយ។
ទី៦៖ ជួយសម្រួលប្រព័ន្ធរំលាយអាហារ
ទឹកឃ្មុំក្រូចឆ្មាមានប្រសិទ្ធភាពបង្កើនការផលិតអាស៊ីតក្រពះ និងទឹកប្រម៉ាត់ ដែលជួយសម្រួលដល់ការរំលាយអាហារ រួមទាំងការស្រូបយកសារធាតុចិញ្ចឹមផងដែរ។
ទី៧៖ ជួយបំប៉នសរសៃសក់
អ្នកប្រហែលមិនធ្លាប់ជឿឡើយថា ទឹកឃ្មុំ និងក្រូចឆ្មា អាចជាជម្រើសដ៏ល្អបំផុតជំនួសឲ្យសាប៊ូកក់សក់។
គេយកទឹកឃ្មុំលាយជាមួយក្រូចឆ្មាមកកក់សក់ ដើម្បីជួយឲ្យស្បែកក្បាលមានសំណើម និងធ្វើឱ្យសក់ភ្លឺរលោង ជាពិសេសជួយការពារស្បែកក្បាលពីអង្គែរ និងជួយកាត់បន្ថយមិនឲ្យជ្រុះសក់។
ជារួមមក អ្នកអាចទទួលទានទឹកឃ្មុំក្រូចឆ្មាតាមរយៈវិធីងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ តាមរយៈរូបមន្តងាយៗដែលអ្នកធ្លាប់ធ្វើកន្លងមក តាមចំណូលចិត្តដើម្បីសុខភាពល្អប្រសើរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព៖ beebaltic ដោយ៖ ជា បញ្ញា