អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ដែលផ្តល់ព័ត៌មានសម្ងាត់ឲ្យអាមេរិកដើម្បីសម្លាប់លោក Soleimani

ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានប្រហារជីវិតពលរដ្ឋអ៊ីរ៉ង់ម្នាក់ ពីបទស៊ើបការណ៍ និងព័ត៌មានសម្ងាត់ឲ្យក្រុមចារកម្មអាមេរិក CIA និងអ៊ីស្រាអែល ដើម្បីកំណត់ទីតាំង និងសម្លាប់លោក Qasem Soleimani។

 
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ដែលផ្តល់ព័ត៌មានសម្ងាត់ឲ្យអាមេរិកដើម្បីសម្លាប់លោក Soleimani

លោក Mahmoud Mousavi-Majd ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៨ និងត្រូវបានតុលាការអ៊ីរ៉ង់ដាក់ទោសប្រហារជីវិតកាលពីខែសីហា ឆ្នាំ២០១៩។ គេជឿជាក់ថា លោក Mousavi-Majd បានស៊ើប ការណ៍សម្ងាត់លើឧត្តមសេនីយ៍ និងមេទ័ពកំពូលអ៊ីរ៉ង់ជាច្រើននាក់ ក្នុងនោះរួមមានទាំងលោក Qasem Soleimani ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានឲ្យដឹងថា លោក Mousavi-Majd ទទួលប្រាក់ ៥០០០ដុល្លារ ក្នុងមួយខែពីទីភ្នាក់ងារចារកម្មអាមេរិក CIA និងអ៊ីស្រាអែល។ លោកមិនមែនសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឡើយ ប៉ុន្តែលោកអាចដឹងពីព័ត៌មានសម្ងាត់សំខាន់ៗមួយចំនួនក្នុងនាមជាអ្នកបកប្រែ។

គួររម្លឹកផងដែរថា នាយឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qasem Soleimani ត្រូវបានអាមេរិកសម្លាប់ដោយ វាយប្រហារតាមយន្តហោះដ្រូន នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ