[វីដេអូ] Ep. 110 ប្រធានបទ៖ ជំងឺបូសអន្ទង់
អ្នកជំងឺតែងតែធ្វេសប្រហែសនឹងបញ្ហាមួយនេះ ដែលបណ្តាលឲ្យជំងឺនេះទៅជារ៉ាំរ៉ៃ និងលាប់ម្តងហើយម្តងទៀត។ ជំងឺបូសអន្ទង់គឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺបូសអន្ទង់ ជាបញ្ហាមួយនៅក្នុងចំណោមជំងឺរន្ធបាតផ្សេងៗទៀត ដែលជំងឺនេះលេចចេញជារោគសញ្ញាមួយចំនួនដូចជា ៖
1.មានដុំពកហើមនិងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
2.ឈឺចាប់នៅខាងក្នុងបាតខ្លាំងដែលទើបតែកើតមានថ្មីៗ
3.មានហូរខ្ទុះនៅបាត
4.មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
5.រមាស់នៅបាត
មូលហេតុ
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នាគឺមានក្រពេញធម្មជាតិតូចៗ (glands of Hermann and Desfosses) ជាច្រើន។ គេសន្និដ្ឋានថាជម្ងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។
មានកត្តាកម្រមួយចំនួនផ្សេងទៀតដូចជា ៖
- ការប៉ះទង្គិចរបួសពេលសម្រាលកូន
- ការបាញ់កាំរស្មីអ៊ិចនៅម្តុំបាត
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
មធ្យោបាយល្អបំផុតសម្រាប់ធ្វើការព្យាបាល បូសអន្ទង់គឺ ការវះកាត់យកខ្ទុះនោះចេញ ដែលជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ និងមិនមានផលវិបាកអ្វីដល់អ្នកជំងឺឡើយ។ ការវះកាត់មានរយៈពេលខ្លី និងមានការសម្រាកតែ១ថ្ងៃប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖