[វីដេអូ] Ep.161 ប្រធានបទ៖ ការអស់រដូវ
ការអស់រដូវមានន័យថាស្ត្រីមិនមានការមករដូវរយៈពេល១ឆ្នាំពេញ។ មនុស្សស្រីគឺមានក្រពេញមេជីវិតញីសម្រាប់បញ្ចេញមេជីវិតញីរៀងរាល់១ខែម្តង ក្នុងនោះដែរនៅពេលដែលស្ត្រីដល់វ័យលូតលាស់មួយក្នុងចន្លោះពី ៤៨ឆ្នាំរហូតដល់៥៥ឆ្នាំ ជាវ័យដែលស្រ្តីអាចអស់រដូវដែលជាច្បាប់ធម្មជាតិ។ ផ្ទុយទៅវិញសម្រាប់ស្ត្រីដែលអស់រដូវលឿនមុនអាយុ៤៥ឆ្នាំអាចប្រឈមនឹងជំងឺផ្សេងៗ។
រោគសញ្ញានៃការអស់រដូវ ៖
- ចំពោះស្ត្រី ១ទៅ២ឆ្នាំមិនមករដូវ៖
- ក្តៅបាតដៃ បាតជើង
- ក្តៅមុខ ក្តៅមាត់
- ស្បែកស្ងួត
- អារម្មណ៍ប្រែប្រួល
- រដូវប្រែប្រួលអាច ២ទៅ៣ខែឬ៦ខែ ទើបមកម្តង
- ចំពោះស្ត្រីមិនមករដូវ ១ឆ្នាំពេញ៖
- ក្តៅបាតដៃ បាតជើង មុខ មាត់
- ស្ងួតស្បែក
- បែកញើសស្អិតនៅពេលយប់
- អារម្មណ៍ប្រែប្រួលឆាប់ឆេវឆាវ
- ញ័រទ្រូង
- ស្ងួតទ្វារមាស
- ចុករោយដៃជើង
- ចំពោះស្ត្រីមិនមករដូវលើសពី១ឆ្នាំពេញអាចនឹងមានរោគសញ្ញាបន្ថែមពីដំណាក់កាលខាងលើ៖
- ចុកដៃជើង
- ងាយពុកឆ្អឹង
- លើសឈាម ។
កត្តាប្រឈមនៃការអស់រដូវ៖
- ឆាប់មករដូវលឿនពេកក៏អាចប្រឈមនឹងការអស់រដូវលឿនដូចគ្នា។
- ប្រឈមនូវកង្វះអ័រម៉ូន Estrogen ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការចាប់យកកាល់ស្យូមនៃឆ្អឹងឲ្យមានភាពរឹងម៉ាំប្រសិនបើឆាប់អស់អ័រម៉ូន Estrogen គឺងាយនឹងពុកឆ្អឹង លើសឈាម ស្ទះសរសៃឈាមបេះដូងស្ងួតទ្វារមាស(ក្តៅក្រហាយ រមាស់ រលាក) ឈឺក្បាល វិលមុខ ញ័រដើមទ្រូង បែកញើសស្អិត ហត់ថប់ មួរម៉ៅ។ល។
- កើតជំងឺមហារីក ចាក់ថ្នាំគីមី បាញ់កាំរស្មី ដែលប៉ះពាល់ទៅលើក្រពេញមេជីវិតញី
- ដុំគីសនៅដៃស្បូន ជំងឺស្បូន ដែលតម្រូវឲ្យយកក្រពេញមេជីវិតញីចេញមុនពេល
- ជំងឺធ្លាក់ស ដែលធ្វើឲ្យមានមេរោគតោងយូរៗ ធ្វើឲ្យក្រិនក្រពេញមេជីវិតញី
- ប្រើប្រាស់ថ្នាំភ្ញោចពងមេជីវិតដែលធ្វើឲ្យមានពងមេជីវិតច្រើន
- កង្វះអាហាររូបត្ថម្ភ និងសារធាតុចិញ្ចឹម ។
សម្រាប់ស្ត្រីអស់រដូវគួរបរិភោគអាហារទាំងនេះរួមមាន៖
- អាហារដែលមានជាតិវិតាមីន E
- បន្លែ ផ្លែឈើ ដែលសម្បូរជាតិប្រេង (ប្រេងអូលីវ, គ្រាប់ស្វាយចន្ទី, គ្រាប់កៅឡាក់, ផ្លែប័រ...)
- ទឹកសណ្តែកស
- ទឹកដោះគោឆៅ ឬទឹកដោះគោដែលមាន High Calcium
វិធីសាស្ត្រដែលស្ត្រីអស់រដូវគួរជៀសវាង៖
- មិនគួរពិសាថ្នាំដែលមិនមានការប្រឹក្សាជាមួយគ្រូពេទ្យ
- មិនគួរប្រើប្រាស់ទឹកអនាម័យជៀសវាងទ្វារមាសស្ងួត
- ជៀសវាងការធ្វើការងារធ្ងន់ ព្រោះស្ត្រីអស់រដូវងាយពុកឆ្អឹង
- ជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត១ឆ្នាំម្តង
- ហាមប្រើប្រាស់សារជាតិធ្វើឲ្យស្បែកសដែលមានសារជាតិ retinol ឬ hyaluronic acid (ឡេ, ថ្នាំ...)
- ហាមប្រើប្រាស់ថ្នាំឬជែលលាបដើម្បីឲ្យមានសំណើមនៅទ្វារមាស និងស្បែកដោយមិនបានព្រឹក្សាជាមួយវេជ្ជបណ្ឌិត ។
ជាចុងក្រោយ ស្ត្រីគួរថែទាំខ្លួនប្រាណឲ្យបានល្អប្រសិនបើដឹងថាខ្លួនជិតអស់រដូវគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ដើម្បីទទួលបានការណែនាំ និងព្យាបាលបានត្រឹមត្រូវ។ ស្ត្រីគួរហាត់ប្រាណ ជ្រើសរើសរបបចំណីអាហារឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ ព្យាយាមធ្វើសកម្មភាពជាប្រចាំ និងឆែកសុខភាពស្ត្រីរៀងរាល់ ១ឆ្នាំម្តង៕
សូមទស្សនាវីដេអូ ៖