[វីដេអូ] Ep.160 ប្រធានបទ៖ មូលហេតុដែលធ្វើឲ្យខូចតម្រងនោម និងឈានទៅដល់ការលាងឈាម

តម្រងនោមគឺមានទីតាំងនៅខាងក្រោយស្រោមពោះមានមួយគូគឺខាងឆ្វេង និងខាងស្តាំ។ ក្នុងតម្រងនោមនីមួយៗគឺមានប្រព័ន្ធចម្រោះទឹកនោម។ តម្រងនោមមួយមានប្រព័ន្ធចម្រោះទឹកនោមរហូតទៅដល់ ១លានប្រព័ន្ធ។ ដូច្នេះនៅពេលណាដែលមានបញ្ហាទាក់ទងជាមួយនឹងបញ្ហាតម្រងនោមដូចជាការវិវឌ្ឍន៍ធ្វើឲ្យខូចតម្រង នោមគឺប៉ះពាល់ទៅលើប្រព័ន្ធចំរោះទឹកនោម ។

 
[វីដេអូ] Ep.160 ប្រធានបទ៖ មូលហេតុដែលធ្វើឲ្យខូចតម្រងនោម និងឈានទៅដល់ការលាងឈាម

មូលហេតុដែលធ្វើឲ្យខ្សោយតម្រងនោមគឺមានកត្តាចំបង ៣ធំៗរួមមាន៖

  1. ខូចតម្រងនោមស្រួចស្រាល បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បាត់បង់ឈាមច្រើន។ការពុលអាហារ រាក ក្អួត ដែលធ្វើឲ្យបាត់បង់ជាតិទឹកពុំមានជាតិទឹកគ្រប់គ្រាន់ទៅដល់តម្រងនោម។
  2. ខូចតម្រងនោមដែលទាក់ទងទៅនឹងសាច់តម្រងនោម ជាពិសេសអ្នកដែលមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ដែលពុំបានព្យាបាលឲ្យបានត្រឹមត្រូវ។ នៅពេលដែលលើសសម្ពាធឈាមរ៉ាំរ៉ៃយូរធ្វើឲ្យខូចខាតប្រព័ន្ធចម្រោះទឹកនោម។ សូមជម្រាបថាជំងឺទឹកនោមប្រៃក៏អាចធ្វើឲ្យខូចតម្រងនោមផងដែរ។
  3. បំពង់បង្ហូរនោមដែលកើតមាននៅគ្រួសក្នុងតម្រងនោម បង្ហូរនោម និងប្លោកនោម ដែលធ្វើឲ្យចាល់ទឹកនោមយូរៗទៅធ្វើឲ្យខូចតម្រងនោម។

ចំពោះរោគសញ្ញារូមមាន៖

  • ករណីភ្លាមៗដែលហៅថាស្រួចស្រាល គឺគ្មានរោគសញ្ញា លុះត្រាតែធ្វើការបូមឈាមពិនិត្យទើបអាចដឹង។
  • ករណីខូចម្តងបន្តិចៗ គឺមានសញ្ញាអស់កម្លាំងល្ហិតល្ហៃ ខ្វះគ្រាប់ឈាម ស្លេកស្លាំង ហើមត្របកភ្នែក ហើមខ្មង  ជើងឬចុងជើង នោមតិច និងទឹកនោមមានពពុះ។

ចំពោះអ្នកខូចតម្រងនោមស្រួចស្រាល តម្រូវឲ្យធ្វើការលាងឈាម ពីព្រោះដើម្បីធ្វើការស្តាមុខងារតម្រងនោមឲ្យបានទាន់ពេលវេលា។ ចំពោះករណីរ៉ាំរ៉ៃយូរស្ថិតនៅក្នុងដំណាក់កាលទី៤ ឬទី៥ ស្ថានភាពអ្នកជំងឺលែងមានទឹកនោមដែលតម្រូវឲ្យធ្វើការលាងឈាមជាប្រចាំ។

ចំពោះកត្តាប្រឈម ដែលមិនបានធ្វើការលាងឈាម ឬព្យាបាលមិនបានទាន់ពេលវេលា គឹតម្រូវឲ្យធ្វើការដូរក្រលៀន ការព្យាបាលដោយផ្សុំាសរីរាង្គតម្រងនោមពីបងប្អូនសាច់ញាតិដែលបានបរិច្ចាក។ គួររម្លឹកថា ចំពោះការលាងឈាមគ្រាន់តែជាការព្យាបាលបណ្តោះអាសន្នតែប៉ុណ្ណោះ។

វិធីសាស្រ្តបង្ការគឺយើងត្រូវតាមដានតាមមូលហេតុធំៗ ៣ខាងលើប្រសិនបើមានអាការៈបែបនេះសូមប្រញាប់ទៅពិនិត្យនិងព្យាបាលសុខភាពឲ្យទាន់ពេលវេលាដើម្បីជៀសវាងការខូចតម្រងនោមធ្ងន់ធ្ងរ។

ជាចុងក្រោយមុននឹងបងប្អូនសម្រេចចិត្តទទួលទានអាហារបំប៉នឬថ្នាំអ្វីមួយជាប្រចាំ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ និងដឹងពីប្រភពថ្នាំទាំងនោះឲ្យបានច្បាស់លាស់ ព្រោះអាចប្រឈមមុខនឹងការពុល ហើយខូចតម្រងនោមដោយមិនដឹងខ្លួននិងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព៕

សូមទស្សនាវីដេអូ ៖