[វីដេអូ] Ep. 123 ប្រធានបទ៖ ជំងឺរបេង
ជំងឺរបេងភាគច្រើនតែងតែកើតទៅលើផ្លូវដង្ហើម ជាពិសេសកើតមានជាជំងឺរបេងសួត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជំងឺរបេងក៏អាចកើតមាននៅទីតាំងផ្សេងៗឬសរីរាង្គផ្សេងៗក្រៅអំពីសួតផងដែរ មានដូចជា ជំងឺរបេងកូនកណ្តុល របេងស្រោមខួរ របេងឆ្អឹង របេងនៅតាមសន្លាក់ នៅតាមស្បែកនិងទីតាំងផ្សេងៗទៀតនៃសារពាង្គកាយរបស់មនុស្ស។
រោគសញ្ញា
រោគសញ្ញានៃជំងឺរបេង បើទោះបីជាជំងឺរបេងនោះស្ថិតនៅទីតាំងណាមួយនៃរាងកាយក៏ដោយរោគសញ្ញាដែលឃើញជាញឹកញាប់រួមមាន អស់កម្លាំង បាយមិនបាន ក្តៅខ្លួន ក្អកមានស្លេះ បែកញើសស្អិត ជាពិសេសនៅពេលរសៀលឬពេលយប់អ្នកជំងឺមានការស្រកគីឡូបន្តិចម្ដងៗ ដោយមិនដឹងមូលហេតុ ។នេះជារោគសញ្ញារួម ដែលឃើញថាទោះជាជំងឺរបេងគាត់ប៉ះទង្គិចនៅសរីរាង្គឬផ្នែកមួយណានៃខ្លួនរបស់យើងក៏ដោយសញ្ញាទាំងអស់នេះតែងកើតមានជានិច្ច។
កត្តាបង្ក
មុននឹងឈានទៅដល់ការវិវត្តន៍ទៅរកជំងឺរបេង ដូចដែលបានដឹងរួចមកហើយថារបេងជាជំងឺឆ្លងតាមរយៈខ្យល់។ មុនឈានទៅដល់ការបង្កទៅជាជំងឺរបេង គឺមានការសង្ងំខ្លួនរបស់មេរោគរបេងនៅក្នុងខ្លួន ហើយការសង្ងំខ្លួនរបស់មេរោគរបេងនៅក្នុងខ្លួនមនុស្សម្នាក់ៗគឺមានការប្រែប្រួលអាចចន្លោះពីរាប់ខែ រហូតដល់រាប់ឆ្នាំនៅក្នុងខ្លួនមនុស្សម្នាក់នោះ ហើយវានឹងវិវត្តន៍ក្លាយទៅជាជំងឺរបេងនៅពេលណាមួយដែលប្រព័ន្ធភាពសុំារបស់អ្នកជំងឺមានការថយចុះ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺរបេងគឺ អាស្រ័យថាតើជំងឺរបេងនោះស្ថិតនៅទីតាំងណាមួយនៃរាងកាយរបស់មនុស្ស បើសិនជាអ្នកជំងឺគាត់មានបញ្ហារលាកដោយសារមេរោគរបេងដូច្នេះយើងអាចយកកំហាករបស់អ្នកជំងឺទៅពិនិត្យ ។
ការព្យាបាល
ការថែទាំអ្នកជំងឺរបេងគឺត្រូវផ្តល់ជូន ដំបូងបំផុតគឺ ការព្យាបាលរបេងដែលត្រឹមត្រូវ បន្ទាប់មកទៀតគឺការតាមដានជាមួយវេជ្ជបណ្ឌិតជំនាញនៅក្នុងអំឡុងពេលនៃការប្រើប្រាស់ថ្នាំរបេង ដើម្បីជៀសវាងផលលំបាកផ្សេងៗដែលបារម្ភបំផុតនោះ គឺការប្រតិកម្មថ្នាំរបេងជាមួយអ្នកជំងឺនិងមួយទៀតគឺ ការពុលថ្លើមដោយការប្រើថ្នាំរបេង។ ទាំងអស់នេះជាអ្វីដែលអ្នកជំងឺត្រូវតែធ្វើការតាមដានជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់ដើម្បីកាត់បន្ថយឬជៀងវាងទាំងស្រុងក្នុងអំឡុងពេលនៃព្យាបាលជំងឺរបេង៕
សូមទស្សនាវីដេអូខាងក្រោម៖