ឱកាសការងារជិតមួយពាន់កន្លែង នឹងបង្ហាញក្នុងវេទិការការងារនៅថ្ងៃទី២៧ ខែកក្កដាស្អែកនេះ
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៧ នាថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ស្អែកនេះ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួនជិត ១ពាន់កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឲ្យដឹងថា ក្រុមហ៊ុនធំទាំង៧ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យធនគារ ផ្សារទំនើប និងអចលនទ្រព្យជាដើម។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីព្រឹកម៉ោង៨ រហូតដល់ល្ងាចម៉ោង៥ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី។
សូមបញ្ជាក់ថា វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕
ប្រភព៖ BTV