អបអរសាទរ! ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd ស្ថិតក្នុងខេត្តក្រចេះ
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តក្រោមការវិនិយោគតម្លៃជាង១៣០លានដុល្លារអាមេរិក នៅខេត្តក្រចេះ សម្ពោធបើកឱ្យដំណើរការផលិតកម្មជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុកស្នួល ខេត្តក្រចេះ។
រោងចក្រនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិបាលខេត្តក្រចេះបានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖« នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តក្រចេះ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋប្រមាណជិត១០០០កន្លែង»។
សូមជម្រាបថា ក្រុមហ៊ុនដែលមានប្រភពមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបោះទុនវិនិយោគប្រមាណជាង១៣៨លានដុល្លារក្នុងការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅលើផ្ទៃដីទំហំជាង៤០ហិកតា។ លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ធ្លាប់បានលើកឡើងថា ចំពោះដំណឹងពីកិច្ចដំណើរការផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា គឺជារឿងដែលល្អបំផុតសម្រាប់ទីផ្សារជ័រកៅស៊ូកម្ពុជា ដោយសារកន្លងមកនេះ ទីផ្សារកៅស៊ូកម្ពុជាភាគច្រើនរំពឹងលើការនាំចេញស្ទើរតែ ១០០ ភាគរយ។ សូមជម្រាបផងដែរថា គិតត្រឹមសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៤ ចំពោះតែរោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា បានដំណើរការចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។