អត្ថប្រយោជន៍ផ្ការំដួល
រំដួល គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ ផ្ការបស់វាមានពណ៌លឿង ត្របកផ្កាក្រាស់ រំលេចក្បូរក្បាច់គន់គាប់នេត្រា បើនិយាយអំពីក្លិនបុប្ផាវិញនោះ គឺក្រអូបឈ្ងុយឈ្ងប់ដិតជាប់អារម្មណ៍ ប្រៀបបាននឹងគ្រឿងរតនៈ។ ប្រជាពលរដ្ឋខ្មែរយើងបានចាត់ទុកផ្ការំដួលប្រៀបប្រដូចទៅនឹងខេមរនារី (ស្ត្រីខ្មែរ) ដែលមានចរិយាមាយាទល្អ ទន់ភ្លន់ សុភាពរាបសា មានរូបសម្ផសល្អស្រស់សោភា។

ភ្នំពេញ៖ ផ្ការំដួលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជាប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី ៣.១៥ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯផ្នែកខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង១ស្រទាប់មាន ៣ត្របក ហើយត្របកខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ – មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា ១-២ គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។
រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជា៖ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។
ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់៕
ប្រភព៖ស្នាមញញឹមនៃកម្ពុជា-Cambodia Smiling