រដ្ឋមន្រ្តីសុខាភិបាល «ចក្ខុវិស័យសុខាភិបាល គឺការកសាងសុខាភិបាលតាមក្បួនខ្នាត សំដៅស្តង់ដារសកល ទំនើបកម្មឱ្យទាន់សម័យកាល ប្រកបដោយគុណភាព សមធម៌ និងគុណធម៌»
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ឆ្នាំ២០២៦ ដើម្បីលើកទិសដៅការងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានបំពេញភារការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព នៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាល នៅអង្គភាពរបស់ខ្លួន រាប់ចាប់ពីការទទួលបដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសផ្តោតសំខាន់ៗ លើគុណភាពប្រសិទ្ធភាព សុវត្ថិភាពនៃការព្យាបាល ប្រកបដោយសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីគោលៗការណ៍សំខាន់ៗ មួយចំនួនដែលជាចក្ខុវិស័យក្នុងការកសាងសុខាភិបាល ទៅតាមក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្មទាន់សម័យ ហើយផ្តោតលើអ្នកជំងឺ និងអ្នកងាយរងគ្រោះខ្លាំង ប្រកដោយគុណភាព ដែលទុកចិត្តបាន ទទួលយកបាន ដោយមិនមានការរងគ្រោះ ចំណាយលើសពីការចាំបាច់ និងលើសលប់។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា «គ្រូពេទ្យត្រូវដឹងពីសុខទុក្ខរបស់អ្នកជំងឺ» ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវមានផែនការច្បាស់លាស់ និងការត្រៀមទុកជាមុនគ្រប់ជំហាន ហើយត្រូវពង្រឹងគុណភាពនៃការថែទាំ ព្យាបាល ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលតាមរយៈការបណ្តុះបណ្តាល ការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនស្របតាមតម្រូវការ និងសុខាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល (គ.វ.ស)។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចេះពីវិធីសាស្រ្តក្នុងការគ្រប់គ្រងអង្គភាពឱ្យកាន់តែរីកចម្រើន ត្រូវផ្តោតសំខាន់លើការដោះស្រាយបញ្ហា ការចៀសវាងការកើតមានបញ្ហា ហើយបម្រើសេវាសុខាភិបាលដល់អ្នកជំងឺដោយក្តីអាណិត ក្តីករុណា គុណធម៌ សមធម៌ ដែលជាស្ពានឈានទៅការបង្កើនទំនុកចិត្តដល់ពីប្រជាពលរដ្ឋ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត៕



ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សូមចុច join Telegram https://t.me/cngtvcambodia ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070






































