ក្រសួងសុខាភិបាល គាំទ្រការពង្រឹងសុវត្ថិភាពអ្នកជំងឺក្នុងវិស័យវះកាត់មុខមាត់ និងឆ្អឹងថ្គាម
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពីធីបើក សន្និសីទសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា លើកទី៤ ក្រោមប្រធានបទ «ពង្រឹងសុវត្ថិភាពអ្នកជំងឺក្នុងផ្នែកវះកាត់» ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។

សន្និសីទនេះ គឺជាវេទិកាវិជ្ជាជីវៈដ៏មានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពិភាក្សាវិទ្យាសាស្ត្រ រវាងវេជ្ជបណ្ឌិត ទន្តពេទ្យ និងអ្នកជំនាញពាក់ព័ន្ធ ក្នុងការអភិវឌ្ឍវិស័យទន្តសាស្ត្រ និងការវះកាត់មុខមាត់ និងឆ្អឹងថ្គាម ឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
ឯកឧត្តមសាស្រ្តចារ្យរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការអនុវត្តតាមគោលការណ៍ក្រមសីលធម៌ និងការធានាគុណភាព សុវត្ថិភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកដល់ គណទន្តពេទ្យ និងគណវិជ្ជាជីវៈសុខាភិបាលទាំងអស់ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងធានាគុណភាពវិជ្ជាជីវៈ តាមរយៈការចុះបញ្ជី ផ្តល់អាជ្ញាប័ណ្ណ ការបន្តអភិវឌ្ឍវិជ្ជាជីវៈ (CPD) និងការត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈ ឲ្យស្របតាមច្បាប់ និងក្រមសីលធម៌។ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងសុវត្ថិភាពអ្នកជំងឺ ការលើកកម្ពស់គុណភាពសេវា និងការរក្សាទំនុកចិត្តរបស់សាធារណជនចំពោះវិជ្ជាជីវៈសុខាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ឯកទេសវះកាត់មុខមាត់ និងឆ្អឹងថ្គាម មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកសម្រេចគោលដៅ ការធានាសុខភាពសកល (Universal Health Coverage – UHC) តាមរយៈការផ្តល់សេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព អាចរកបាន និងមានតម្លៃសមរម្យ។ ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ និងលើកទឹកចិត្តឲ្យមានការចូលរួមសកម្មពីសមាគមវិជ្ជាជីវៈ គណទន្តពេទ្យ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិវឌ្ឍគោលនយោបាយ ស្តង់ដារ និងធនធានមនុស្សសុខាភិបាល ដើម្បីឆ្ពោះទៅរកប្រព័ន្ធសុខាភិបាល ដែលមានគុណភាព សមធម៌ ភាពធន់ និងចីរភាព។
សន្និសីទនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសហការវិជ្ជាជីវៈ ការចែករំលែកបទពិសោធន៍ និងការបម្រើប្រជាពលរដ្ឋដោយវិជ្ជាជីវៈខ្ពស់ ស្មារតីមនុស្សធម៌ និងទំនួលខុសត្រូវ។








































